ម៉ាឡេស៊ីចង់ក្លាយជាមជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិត និងរថយន្តអគ្គិសនីរបស់តំបន់អាស៊ីអាគ្នេយ៍
AKP ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រទេសម៉ាឡេស៊ីកំពុងផ្លាស់ប្តូរទៅរកកម្រិតខ្ពស់ ខណៈដែលខ្លួនកំពុងធ្វើយ៉ាងណាឱ្យខ្លួនក្លាយជាមជ្ឈមណ្ឌលនាំមុខគេរបស់តំបន់អាស៊ីអាគ្នេយ៍សម្រាប់ការការបម្លាស់ទីដ៏ឆ្លាតវៃ និងប្រកបដោយចីរភាព ដែលដំណើរការដោយភាពជឿនលឿនក្នុងវិស័យយានយន្តអគ្គិសនី (EVs) បញ្ញាសិប្បនិម្មិត (AI) និងផលិតកម្មទំនើប។
ថ្លែងនៅក្នុងកម្មវិធីពិព័រណ៍រថយន្ត និងបច្ចេកវិទ្យាសកលលោក(GATE) ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ រដ្ឋមន្ត្រីក្រសួងវិនិយោគពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក ហ្សាហ្រ្វុល អាប់ឌុល អាហ្ស៊ីស (Zafrul Abdul Aziz) បានគូសបញ្ជាក់អំពីរបៀបដែលបច្ចេកវិទ្យាទាំងនេះកំពុងផ្លាស់ប្តូរវិស័យរថយន្តរបស់ប្រទេសម៉ាឡេស៊ីយ៉ាងឆាប់រហ័ស។
លោក ហ្សាហ្រ្វុល បាននិយាយថា AI កំពុងកំណត់ឡើងវិញនូវរបៀបដែលយានយន្តត្រូវបានរចនា បង្កើត និងបើកបរ។ ចាប់ពីប្រព័ន្ធសុវត្ថិភាពរហូតដល់ខ្សែសង្វាក់ផលិតកម្មស្វ័យប្រវត្តិ AI កំពុងបង្កើតរលកថ្មីនៃដំណោះស្រាយឆ្លាតវៃ សុវត្ថិភាព និងមានប្រសិទ្ធភាពជាងមុន។
យោងតាមលោក ហ្សាហ្រ្វុល បានឱ្យដឹងថា មូលដ្ឋានគ្រឹះនៃផលិតកម្មដ៍រឹងមាំរបស់ប្រទេសម៉ាឡេស៊ី ធនធានរ៉ែដ៏កម្រ និងប្រព័ន្ធអេកូឡូស៊ីដែលបានបង្កើតឡើង ធ្វើឱ្យប្រទេសនេះមានតួនាទីពិសេសដើម្បីក្លាយជាចំណុចស្នូលនៃការចល័តឆ្លាតវៃនៅក្នុងតំបន់។
យុទ្ធសាស្ត្ររយៈពេលវែងរបស់ប្រទេសម៉ាឡេស៊ីកំពុងមានភាពស្របគ្នាទៅនឹងការគាំទ្រដល់ការអនុវត្តនេះ។ ក្រោមផែនការមេឧស្សាហកម្មថ្មីឆ្នាំ២០៣០ (NIMP ២០៣០) រដ្ឋាភិបាលកំពុងដឹកនាំឧស្សាហកម្មឆ្ពោះទៅរកការក្លាយជាឧស្សាហកម្មដែលមានតម្លៃខ្ពស់ប្រកបដោយចីរភាព និងជំរុញដោយបច្ចេកវិទ្យា។ គោលនយោបាយយានយន្តជាតិឆ្នាំ២០២០ (NAP ២០២០) បានពង្រឹងដល់ការអនុវត្តនេះដោយលើកកម្ពស់យានយន្តជំនាន់ក្រោយ (NxGV) និងការចល័តដែលសន្សំសំចៃថាមពល។
ដើម្បីគាំទ្រដល់ការទទួលយក AI ក្នុងទ្រង់ទ្រាយធំ លោក ហ្សាហ្រ្វុលបានគូសបញ្ជាក់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានតម្លៃ៤៨០លានដុល្លារអាម៉េរិក ដែលត្រូវបានរចនាឡើងដើម្បីការពារអធិបតេយ្យភាពទិន្នន័យរបស់ប្រទេសម៉ាឡេស៊ី ខណៈដែលពង្រឹងការច្នៃប្រឌិតនៅក្នុងវិស័យសំខាន់ៗ។ ប្រទេសម៉ាឡេស៊ីមានគោលបំណងផ្លាស់ប្តូរពីអ្នកផលិតទំនិញទៅជាអ្នកបង្កើតបច្ចេកវិទ្យា នវានុវត្តន៍ និងកម្មសិទ្ធិបញ្ញា៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





