ឥណ្ឌូណេស៊ីនឹងប្រែក្លាយកោះបាលីទៅជាចំណុចដ៏ទាក់ទាញសម្រាប់ទេសចរណ៍វេជ្ជសាស្ត្របន្ទាប់របស់ទ្វីបអាស៊ី
AKP ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ឥណ្ឌូណេស៊ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយចំនួនពលរដ្ឋដែលស្វែងរកការព្យាបាលនៅបរទេស និងប្រែក្លាយកោះបាលីទៅជាចំណុចទាក់ទាញសម្រាប់ទេសចរណ៍វេជ្ជសាស្ត្រឈានមុខគេរបស់ទ្វីបអាស៊ី។
ចំណុចស្នូលនៃការជំរុញនេះ គឺតំបន់សេដ្ឋកិច្ចពិសេសផ្នែកសុខភាពSanur (SEZ) ដែលជាការអភិវឌ្ឍថ្មីមួយដែលមានទីតាំងនៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃកោះបាលី។ តំបន់នេះលាតសន្ធឹងលើផ្ទៃដីជាង ៤១ហិកតា ហើយត្រូវបានរចនាឡើងដើម្បីក្លាយជាគោលដៅទេសចរណ៍សុខភាពរួមបញ្ចូលគ្នាដំបូងគេរបស់ប្រទេសឥណ្ឌូណេស៊ី។
ចំណុចស្នូលនៃការអភិវឌ្ឍ គឺមន្ទីរពេទ្យអន្តរជាតិបាលី ដែលជាមន្ទីរពេទ្យតែមួយគត់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
មន្ទីរពេទ្យនេះគ្របដណ្តប់លើផ្ទៃដីជាង ៦៧.០០០ម៉ែត្រក្រឡា ដែលផ្តល់សេវាឯកទេសផ្នែកជំងឺបេះដូង មហារីក ប្រព័ន្ធប្រសាទ ក្រពះពោះវៀនថ្លើម និងឆ្អឹង តាមរយៈភាពជាដៃគូជាមួយដៃគូមកពីប្រទេសអូស្ត្រាលី ជប៉ុននិងសិង្ហបុរី។
មន្ទីរពេទ្យនេះក៏នឹងមានសណ្ឋាគារសំខាន់ៗចំនួនពីរផងដែរ គឺសណ្ឋាគារឆ្នេរបាលី ដែលជាសណ្ឋាគារផ្កាយប្រាំដំបូងគេរបស់កោះនេះដែលត្រូវបានបើកនៅក្នុងឆ្នាំ១៩៦៦ និងសណ្ឋាគារ Meru Sanur ដែលជារមណីយដ្ឋានលំដាប់ផ្កាយប្រាំ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





