ការប្រកួតវាយកូនបាល់ពានរង្វាន់ ទេព ឃុនណា បញ្ចប់សប្តាហ៍ទី១ និងបន្តដំណើរការប្រកួតសប្តាហ៍ទី២
AKP ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥--ការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ ទេព ឃុនណា (30th Annual Tep Kunnah Memorial Cup 2025) លើកទី៣០ សប្តាហ៍ទី១ បានបិទបញ្ចប់ដោយជោគជ័យ នៅចុងសប្តាហ៍នេះ ខណៈការប្រកួតសប្តាហ៍ទី២ កំពុងបន្តការប្រកួតយ៉ាងស្វិតស្វាញពីថ្ងៃទី១៦-២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ទេព ឃុនណា លើកទី៣០ បានបិទព្រឹត្តិការណ៍នេះនៅសប្តាហ៍ទី១ ដែលបានប្រព្រឹត្តចាប់ផ្តើមពីថ្ងៃទី១០-១៥ ខែវិច្ឆិកា ហើយសប្តាហ៍ទី២ ចាប់ផ្តើមពីថ្ងៃទី១៦-២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកបន្ថែមថា ការប្រកួតនេះមានកីឡាករ-កីឡាការិនីចំនួន ៥២នាក់មកពី ២១ប្រទេស ដែលមានកម្រិតបច្ចេកទេសខ្ពស់ៗ ដោយផ្តោតសំខាន់លើអត្តពលិកវ័យក្មេង ខណៈម្ចាស់ផ្ទះកម្ពុជាមានសមាសភាពកីឡាករ៣នាក់បានចូលរួមប្រកួតប្រជែងជាមួយកីឡាករអន្តរជាតិ ដើម្បីដកពិសោធន៍ និងបង្កើនគុណភាពបច្ចេកទេសឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ពានរង្វាន់ ទេព ឃុនណា ដែលធ្វើឡើងដើម្បីរម្លឹកគុណលោក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់កម្ពុជាមួយរូបក្នុងអំឡុងឆ្នាំ១៩៦០ និងជាឪពុកបង្កើតរបស់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នាពេលបច្ចុប្បន្ននេះទទួលបានការគាំទ្រពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ស្របពេលដែលបណ្តាប្រតិភូកីឡាករ កីឡាការិនីមកពី២១ប្រទេសបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា ប្រកបដោយភាពកក់ក្តៅ និងរីករាយ។

អគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា សហព័ន្ធអន្តរជាតិ និងប្រតិភូមកពីប្រទេសនានាទុកចិត្តខ្ពស់ចំពោះសុខសន្តិភាពរបស់កម្ពុជា ក៏ដូចជាគុណភាពនៃការរៀបចំរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាផងដែរ ដោយសារតែកម្ពុជាធ្លាប់បានរៀបចំជាច្រើនលើកមកហើយ។

ចំពោះអត្តពលិកម្ចាស់ផ្ទះកម្ពុជាដែលចូលរួមចំនួន៣នាក់ត្រូវបានលោកអគ្គលេខាធិការគូសបញ្ជាក់ថា ពួកគាត់មិនត្រឹមតែអាចទប់ទល់បានជាមួយគូប្រកួតអន្តរជាតិប៉ុណ្ណោះនោះទេ ប៉ុន្តែមានប្រកួតខ្លះក៏ឈ្នះដែរ ដូច្នេះ លោកបានមើលឃើញពីភាពរីកចម្រើន និងគុណភាពបច្ចេកទេសរបស់កីឡាករកម្ពុជាកាន់តែល្អប្រសើរផងដែរ។
គួរបញ្ជាក់ថា កីឡាករ-កីឡាការិនីវាយកូនបាល់មកពី ២១ប្រទេស ក្នុងនោះមានមានដូចជា ប្រទេសម៉ាឡេស៊ី សិង្ហបុរី ចិន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ឥណ្ឌា វៀតណាម ជប៉ុន អង់គ្លេស ន័រវែស ព្រុយណេ រុស្ស៊ី ស្រីលង្កា អូស្ត្រាលី នូវែលសេឡង់ អូទ្រីស បង់ក្លាដែស និងបារាំងជាដើម៕





