ប្រជាពលរដ្ឋចំនួន១០ភូមិ ក្នុងក្រុងអរិយក្សត្រ ទទួលបណ្ណកម្មសិទ្ធិដីធ្លី
AKP កណ្ដាល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥-- បណ្ណកម្មសិទ្ធិដីធ្លី ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១១ ៣៣២បណ្ណ ត្រូវបានអាជ្ញាធរខេត្តកណ្ដាល និងមន្ទីរជំនាញចែកជូនប្រជាពលរដ្ឋចំនួន ១០ភូមិ រួមមាន៖ ភូមិលើ ភូមិស្វាយជ្រុំ ភូមិបារាជ ក្នុងសង្កាត់ស្វាយជ្រុំ ភូមិព្រែកតាកូវ ភូមិ ព្រែកល្វា និងភូមិព្រែកបង្កង ក្នុងសង្កាត់ព្រែកតាកូវ និងភូមិជ្រោយខ្សាច់ ភូមិបាក់ដាវលើ ភូមិបាក់ដាវក្រោម ភូមិព្រែកជ្រូក ស្ថិតក្នុងសង្កាត់បាក់ជាវ ក្រុងអរិយក្សត្រ។

ពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះស្រាយវវិវាទដីធ្លីខេត្តកណ្តាល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល។

ក្នុងពិធីនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនាពេលនេះគឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់។ ការទទួលបានបណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ នៅពេលទទួលបានហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះបណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏សាហាវឃោរឃៅ និងអមនុស្សធម៌របស់យោធាថៃ ដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោងប្រមាណ ១៥:៥០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យបាត់បង់ជីវិតប្រជាពលរដ្ឋខ្មែរម្នាក់ និងរងរបួសធ្ងន់ស្រាល ជាច្រើននាក់ផ្សេងទៀត។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់សហគមន៍អន្តរជាតិ រួមមានបណ្តាប្រទេសជាមិត្ត និងស្ថាប័នអន្តរជាតិទាំងអស់ សូមរួមគ្នាបញ្ចេញសំឡេងថ្កោលទោស លើអំពើឈ្លានពាននេះ បញ្ជូនអ្នកសង្កេតការណ៍ឯករាជ្យដើម្បីសិក្សាស្វែងរកការពិតនៃឧបទ្ទវហេតុ និងទទួចសូមឱ្យរាជរដ្ឋាភិបាលថៃទទួលខុសត្រូវពេញលេញក្រោមច្បាប់អន្តរជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តផ្ដល់ការជឿទុកចិត្ត និងផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ រួមទាំងប្រជាពលរដ្ឋរបស់យើងដែលរស់នៅតាមខ្សែបន្ទាប់ព្រំដែន ព្រោះការគាំទ្ររបស់យើងគឺមានសារៈសំខាន់ណាស់ ក្នុងការជួញដល់រាជរដ្ឋាភិបាល កងទ័ព និងប្រជាពលរដ្ឋនៅតាមព្រំដែនឱ្យមានស្មារតីរឹងមាំ បន្តការពារទឹកដីបានកាន់តែខ្លាំងក្លាថែមទៀត៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





