ឯកឧត្តម កែ គឹមយ៉ាន ចុះសួរសុខទុក្ខ និងថ្កោលទោសដាច់អហង្ការចំពោះអំពើបាញ់ប្រហាររបស់ទាហានថៃលើពលរដ្ឋភៀសសឹកនៅបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥-- ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរជាជនភៀសសឹកចំនួនជាង៣០០គ្រួសារ ដែលបានបង្ខំចិត្តចាកចេញពីលំនៅឋានរបស់ខ្លួន ក្រោយរងនូវការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅពីសំណាក់ទាហានថៃ ហើយបានមករស់នៅជ្រកកោនបណ្ដោះអាសន្ននៅ វត្តចាន់ស៊ីសាមគ្គី រតនារាម ស្ថិតនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ។

ការចុះសួរសុខទុក្ខនេះធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុដ៏អាក្រក់មួយ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលកងទ័ពថៃបានប្រើប្រាស់កម្លាំង និងបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ បណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់ ១ នាក់ និងរងរបួស ៣ នាក់ ធ្វើឱ្យពួកគាត់មានការភ័យស្លន់ស្លោ និងភៀសខ្លួនរកទីសុវត្ថិភាព។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលកំពុងតែកើតទុក្ខ និងព្រួយបារម្ភ ឯកឧត្តម កែ គឹមយ៉ាន បានសម្តែងនូវការឈឺចាប់យ៉ាងខ្លាំង និងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់ទាហានថៃនេះ ព្រមទាំងបានលើកឡើងថា «ខ្ញុំសូមចូលរួមសម្ដែងនូវការឈឺចាប់យ៉ាងខ្លាំងជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលរងនូវការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌ពីពួកទាហានថៃ។ អំពើបែបនេះ គឺជារឿងដែលមិនអាចទទួលយកបានឡើយ ហើយវាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអាយុជីវិត និងសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់។» រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងប្រឹងប្រែងយ៉ាងមមាញឹក ក្នុងការដោះស្រាយបញ្ចប់បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនេះនឹងមិនបណ្តែតបណ្តោយឱ្យអំពើអយុត្តិធម៌នេះកើតឡើងដោយគ្មានការដោះស្រាយនោះទេ។

អាជ្ញាធរជាតិ និងកម្លាំងមានសមត្ថកិច្ច នឹងខិតខំប្រឹងប្រែងធ្វើការងារការទូត និងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីទាមទារយុត្តិធម៌ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតំបន់ព្រំដែន។កម្ពុជាព្យាយាមដោះស្រាយបញ្ហាជម្លោះនេះណាស់ តាមរយៈការគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ និងឯកសារនានា ប៉ុន្តែភាគីថៃ មិនបានអនុវត្តឱ្យបានត្រឹមត្រូវ។ រាជរដ្ឋាភិបាលនឹងបន្តនៅក្បែរប្រជាពលរដ្ឋជានិច្ច ហើយនឹងផ្ដល់នូវការគាំទ្រ និងជំនួយសង្គ្រោះបន្ទាន់ទាំងស្មារតី ទាំងសម្ភារៈ និងស្បៀងអាហារ ដើម្បីសម្រាលការលំបាក និងទុក្ខសោករបស់បងប្អូន។

ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក ដើម្បីធានាបាននូវការហូបចុក និងការរស់នៅសមរម្យជាបណ្ដោះអាសន្ន។ តំណាងប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងវត្តចាន់ស៊ីសាមគ្គី រតនារាម បានសម្ដែងនូវក្ដីរំជួលចិត្ត និងទុក្ខសោកយ៉ាងខ្លាំងចំពោះការបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ភូមិឋានដែលធ្លាប់រស់នៅយូរមកហើយ។
តំណាងប្រជាពលរដ្ឋម្នាក់បានថ្លែងទាំងអួលដើមកថា «ពួកខ្ញុំពិតជាមានការភ័យខ្លាចរហូតមកដល់ពេលនេះ ដោយសារការបាញ់ប្រហារនោះគឺឃោរឃៅណាស់ មិននឹកស្មានថាមានរឿងបែបនេះកើតឡើងលើប្រជាពលរដ្ឋស្លូតត្រង់សោះ។ យើងត្រូវបង្ខំចិត្តចាកចេញទាំងប្រថុយប្រថាន ដោយបន្សល់ទុកទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់យើងនៅខាងក្រោយ។ ការដែលត្រូវចាកចេញពីភូមិឋានដែលយើងធ្លាប់រស់នៅ ធ្វើស្រែចម្ការ គឺជារឿងឈឺចាប់បំផុត ព្រោះយើងមិនដឹងថាពេលណាទើបអាចត្រឡប់ទៅវិញដោយសុវត្ថិភាពបាន។» ទោះបីជាមានទុក្ខលំបាកយ៉ាងណាក្ដី ពួកគាត់ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាល អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសឯកឧត្តម កែ គឹមយ៉ាន ដែលបានចុះមកសួរសុខទុក្ខ និងជួយសង្គ្រោះពួកគាត់ឱ្យបានមកដល់កន្លែងមានសុវត្ថិភាពនេះ។ ពួកគាត់បានថ្លែងអរគុណថា «យើងពិតជាសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការជួយសង្គ្រោះ និងជម្លៀសពួកយើងឱ្យមកនៅទីនេះ ដែលមានសុវត្ថិភាព។ ការយកចិត្តទុកដាក់ និងជំនួយសង្គ្រោះបន្ទាន់របស់ឯកឧត្តម កែ គឹមយ៉ាន និងថ្នាក់ដឹកនាំទាំងអស់ គឺបានជួយសម្រាលការលំបាករបស់យើងជាខ្លាំង។ យើងមានជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ និងទាមទារយុត្តិធម៌ជូនពួកយើង។»
ឯកឧត្តម កែ គឹមយ៉ាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ មានសាមគ្គីភាព និងជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តរក្សាជំហរក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈយន្តការការទូត និងវិធានការប្រកបដោយភាពចាស់ទុំ ដើម្បីធានាបាននូវសុខសន្តិភាព និងសន្តិសុខជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន៕
ដោយ ឈុន សារ៉ាត





