ទឹកជំនន់ធ្ងន់ធ្ងរត្រូវបានរាយការណ៍នៅភាគកណ្តាលរបស់ប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាភូមិសាស្ត្រ និងអវកាស (GISTDA) របស់ប្រទេសថៃ បានចេញផ្សាយទិន្នន័យផ្កាយរណបដែលបានធ្វើបច្ចុប្បន្នភាព ដែលបង្ហាញពីគ្រោះទឹកជំនន់យ៉ាងទូលំទូលាយនៅទូទាំងខេត្តភាគកណ្តាលនៃប្រទេស។
ដោយប្រើប្រាស់រូបភាពពីផ្កាយរណប Sentinel-1C ដែលថតកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ទីភ្នាក់ងារ GISTDA បានកំណត់អត្តសញ្ញាណទឹកជំនន់យ៉ាងទូលំទូលាយនៅក្នុងតំបន់ទំនាប និងតំបន់លំនៅដ្ឋាន ដោយកម្រិតទឹកឡើងដល់យ៉ាងហោចណាស់ ៥០សង់ទីម៉ែត្រនៅក្នុងទីតាំងជាច្រើន ដែលរំខានដល់ការដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងធ្ងន់ធ្ងរ។
យោងតាមរបាយការណ៍ បានឱ្យដឹងថា តំបន់លិចទឹកសរុបគ្របដណ្តប់លើផ្ទៃដីប្រហែល ២.៤៤១.៤៨៤រ៉ៃ (ប្រហែល ៣,៧លានហិកតា) ដែលលាតសន្ធឹងលើផ្នែកខ្លះនៃខេត្តចំនួន១៧ ដែលរួមមានខេត្តអាយុធ្យា ខេត្តនគរសុវណ្ណ ខេត្តសុផាន់បុរី ខេត្តភីឈីត ខេត្តសុខោទ័យ ខេត្តពិស្ណុលោក ខេត្តលពបុរី ខេត្តនគរប៉ាធុម ខេត្តឆៃណាត ខេត្តអាងថង ខេត្តស៊ីងបុរី ខេត្តឧថៃថានី ខេត្តកំផែងផេត ខេត្តឧត្តារ៉ាឌីត ខេត្តណនថាបុរី ខេត្តផេតចាបុន និងខេត្តប៉ាធុមថានី។
ទីភ្នាក់ងារ GISTDA បានចែករំលែកសំណុំរូបភាពផ្កាយរណប Sentinel-1C ពេញលេញ និងការវិភាគគ្រោះទឹកជំនន់ជាមួយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការឆ្លើយតបក្នុងគ្រាអាសន្ន កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការវាយតម្លៃផលប៉ះពាល់។ ព័ត៌មាននេះនឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព និងធានាសុវត្ថិភាពសាធារណៈនៅក្នុងតំបន់ដែលរងផលប៉ះពាល់។ ទីភ្នាក់ងារនេះក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យពិនិត្យមើលផែនទីទឹកជំនន់ និងព័ត៌មានថ្មីៗបំផុតនៅក្នុងតំបន់របស់ពួកគេតាមរយៈកម្មវិធីទូរស័ព្ទរបស់ខ្លួនផងដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





