ឡាវត្រៀមខ្លួនសម្រាប់ក្បួនដង្ហែអបអរសាទរខួបលើកទី៥០ នៃទិវាជាតិ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ការហាត់សមរួមគ្នាទ្រង់ទ្រាយធំមួយរបស់កងកម្លាំងយោធា និងប៉ូលិសឡាវ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានថាតលួងក្នុងទីក្រុងវៀងចន្ទន៍ ដើម្បីត្រៀមរៀបចំសម្រាប់ការប្រារព្ធខួបលើកទី៥០ នៃទិវាជាតិឡាវ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៥ – ២០២៥)។
ការហាត់សមរួមគ្នានេះ រួមមានក្បួនដង្ហែជាច្រើន ដែលតំណាងឱ្យអង្គភាពគំរូមកពីកងទ័ព និងប៉ូលិសឡាវ ដោយបង្ហាញពីវិន័យ ការតាំងចិត្ត និងការត្រៀមខ្លួនសម្រាប់ក្បួនដង្ហែដ៏ធំនៅថ្ងៃទិវាជាតិខាងមុខនេះ។
លោកវរសេនីយ៍ឯក អូនឡាយ អាសាណៃ (Ounlay Asanaxay) អ្នកសម្របសម្រួលក្បួនដង្ហែមកពីក្រសួងសន្តិសុខសាធារណៈឡាវ បាននិយាយថា នេះគឺជាការហាត់សមរួមគ្នាលើកដំបូងរវាងកងទ័ព និងប៉ូលិសនៅទីលានថាតលួង ដែលជាផ្នែកមួយនៃដំណាក់កាលត្រៀមរៀបចំទិវា។
បើទោះវាបីជាវគ្គដំបូងក៏ដោយ ក៏អង្គភាពដែលចូលរួមបានបង្ហាញពីស្មារតី ជំនាញ និងការត្រៀមខ្លួនយ៉ាងរឹងមាំសម្រាប់ក្បួនដង្ហែទិវាជាតិលើកទី៥០។ លោកបានកត់សម្គាល់ថា សមយុទ្ធរួមគ្នាបន្ថែមទៀតនឹងត្រូវបានធ្វើឡើងដើម្បីកែលម្អក្បួនដង្ហែ និងធានាថា ព្រឹត្តិការណ៍ផ្លូវការដំណើរការទៅដោយរលូន និងប្រកបដោយជោគជ័យ។
លោកវរសេនីយ៍ឯក អូនឡាយ បាននិយាយបន្ថែមថា អង្គភាពនានាបានទទួលការយកចិត្តទុកដាក់ និងការណែនាំយ៉ាងដិតដល់ពីថ្នាក់លើរបស់ពួកគេ ដោយសម្រួលដល់ការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាព និងសម្របសម្រួល។ មន្រ្តី និងកងទាហានទាំងអស់នៅតែប្តេជ្ញាចិត្តក្នុងការជំនះបញ្ហាប្រឈម និងបំពេញកាតព្វកិច្ចដែលបានកំណត់។
ការហាត់សមកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នោះ បានសម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីសាមគ្គីភាព វិន័យ និងមោទនភាពរបស់កងកម្លាំងប្រដាប់អាវុធឡាវ ខណៈដែលប្រទេសជាតិកំពុងរៀបចំអបអរសាទរខួបកន្លះសតវត្សរ៍នៃការកសាង និងការអភិវឌ្ឍ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





