ឥណ្ឌូណេស៊ីខិតខំស្តារតំណែងរបស់ខ្លួនឡើងវិញក្នុងនាមជាប្រទេសនាំចេញស្ករសដ៏សំខាន់មួយ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អេនឌី អាំរ៉ាន់ ស៊ូឡៃម៉ាន់ (Andi Amran Sulaiman) បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីមានគោលបំណងសម្រេចបាននូវភាពគ្រប់គ្រាន់នៅក្នុងប្រទេសខ្លួនឯងសម្រាប់ផលិតផលស្ករសនៅត្រឹមឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃការជំរុញជាតិដើម្បីពង្រឹងសន្តិសុខស្បៀងអាហារ និងធ្វើឱ្យឧស្សាហកម្មស្ករសដែលធ្លាប់រីកចម្រើនរបស់ប្រទេសនេះរស់ឡើងវិញ។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានជាតិអាន់តារ៉ារបស់ប្រទេសឥណ្ឌូណេស៊ី។
រដ្ឋាភិបាលឥណ្ឌូណេស៊ីកំណត់គោលដៅភាពគ្រប់គ្រាន់នៅក្នុងប្រទេសខ្លួនឯងប្រើប្រាស់ពេញលេញសម្រាប់ផលិតផលស្ករសក្នុងរយៈពេលបីទៅបួនឆ្នាំ ដោយបង្កើនផលិតភាពអំពៅ និងធ្វើទំនើបកម្មរោងម៉ាស៊ីន។
លោក ស៊ូឡៃម៉ាន់ បាននិយាយថា គំនិតផ្តួចផ្តើមនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងវិស័យចម្ការ និងលើកកម្ពស់ឯករាជ្យភាពសេដ្ឋកិច្ចក្នុងចំណោមបញ្ហាប្រឈមជាសកល។
លោកបានបន្ថែមថា រដ្ឋាភិបាលមានគោលបំណងស្តារឧស្សាហកម្មស្ករសរបស់ប្រទេសឥណ្ឌូណេស៊ីឡើងវិញទៅកាន់ «ថ្ងៃរុងរឿង» របស់ខ្លួនកាលពីនៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០ នៅពេលដែលប្រទេសនេះជាអ្នកនាំចេញ និងផលិតស្ករសធំជាងគេលំដាប់ទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសគុយបា។
ផែនការនេះនឹងត្រូវបានគាំទ្រដោយការវិនិយោគបន្ទាប់បន្សំដែលមានតម្លៃ ៣៧១ទ្រីលានរូពី (២២,២ប៊ីលានដុល្លារអាម៉េរិក) សម្រាប់ចម្ការ ការចិញ្ចឹមសត្វ និងការដាំដុះរុក្ខជាតិ រួមទាំងកាកាវ គ្រាប់ស្វាយចន្ទី ដូង និងអំពៅ។
ក្រសួងកសិកម្មបានរៀបចំផែនការជាតិ ស្តីពីភាពគ្រប់គ្រាន់នៅក្នុងប្រទេសខ្លួនឯងសម្រាប់ផលិតផលស្ករស ដែលផ្តោតទៅលើឯករាជ្យភាពជាតិស្កររបស់អ្នកប្រើប្រាស់នៅត្រឹមឆ្នាំ២០២៨ និងភាពគ្រប់គ្រាន់ដោយខ្លួនឯងសរុប រួមទាំងតម្រូវការឧស្សាហកម្ម និងជីវអេតាណុល នៅត្រឹមឆ្នាំ២០៣០។ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) បានជំរុញឱ្យក្រសួងពន្លឿនពេលវេលាដែលបានកំណត់នោះ។
ទិន្នផលស្ករសរបស់ប្រទេសឥណ្ឌូណេស៊ីនៅក្នុងឆ្នាំ២០២៥ ត្រូវបានគេរំពឹងថានឹងឈានដល់ប្រហែល ២,៧៥លានតោន ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលប្រាំឆ្នាំ ពីចម្ការប្រហែល ៥៣៨.០០០ហិកតា។ ដើម្បីសម្រេចបាននូវភាពគ្រប់គ្រាន់នៅក្នុងប្រទេសខ្លួនឯងនេះ រដ្ឋាភិបាលមានគម្រោងបង្កើនផលិតកម្មដោយការឈូសឆាយចម្ការអំពៅទំហំ ២៧៥.០០០ហិកតា នៅត្រឹមឆ្នាំ២០២៧ ដោយបានណែនាំគ្រាប់ពូជដែលមានគុណភាព ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត និងពង្រីកចម្ការអំពៅចំនួន ៥០០.០០០ហិកតា។ រោងចក្រស្ករចំនួន១០ ក៏នឹងត្រូវបានសាងសង់ ឬធ្វើឱ្យមានសកម្មភាពឡើងវិញនៅកោះជ្វា និងតំបន់ផ្សេងៗទៀតផងដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





