សិង្ហបុរីលើកកម្ពស់ការផលិតប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយចីរភាព
AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- រោងចក្រថ្មីមួយនៅលើកោះ Pulau Bukom នៃប្រទេសសិង្ហបុរីនឹងផលិតប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយចីរភាពចាប់ពីឆ្នាំ២០២៨ ដោយក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) និងក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប JetBlue របស់សហរដ្ឋអាមេរិក ដែលអាចនឹងក្លាយជាអ្នកប្រើប្រាស់ដំបូងរបស់ខ្លួន។
ក្រុមហ៊ុនបច្ចេកវិទ្យាអាកាសធាតុ Aether Fuels និងក្រុមហ៊ុន Aster កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីអភិវឌ្ឍរោងចក្រ Project Beacon ដែលត្រូវបានគេរំពឹងថានឹងផលិតបានរហូតដល់ ៥០បារ៉ែលក្នុងមួយថ្ងៃ ឬប្រេងឥន្ធនៈ ២.០០០តោនជារៀងរាល់ឆ្នាំ នៅពេលដែលរោងចក្រនេះបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៨។
រៀងចក្រនេះនឹងមានទីតាំងនៅមជ្ឈមណ្ឌលចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Aster នៅលើកោះ Pulau Bukom ដែលជាក្រុមហ៊ុនស្វែងរកដំណោះស្រាយគីមី ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានទិញយកពីក្រុមហ៊ុន Shell កាលពីក្នុងខែមេសា។
ប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយចីរភាព គឺជាប្រេងឥន្ធនៈយន្តហោះដែលផលិតចេញពីប្រភពកកើតឡើងវិញ ឬប្រភពដែលមានមូលដ្ឋានទៅលើកាកសំណល់ ដែលផលិតការបំភាយឧស្ម័នផ្ទះកញ្ចក់ទាបជាងប្រេងឥន្ធនៈយន្តហោះហ្វូស៊ីលធម្មតា។
ក្រុមហ៊ុនថាមពលយក្សរបស់ហ្វាំងឡង់ Neste ដំណើរការរោងចក្រចម្រាញ់ប្រេងមួយនៅ Tuas South ដែលអាចផលិតប្រេងឥន្ធនៈបែបនេះរហូតដល់មួយលានតោនជារៀងរាល់ឆ្នាំពីវត្ថុធាតុដើមកាកសំណល់ ដូចជាប្រេងចម្អិនអាហារដែលប្រើរួច និងខ្លាញ់សត្វ។
យោងតាមក្រុមហ៊ុនបច្ចេកវិទ្យារបស់ក្រុមហ៊ុន Aether Fuels បានឱ្យដឹងថា ការប្រើប្រាស់ឧស្ម័នកាកសំណល់ឧស្សាហកម្ម និងជីវមេតានដើម្បីផលិតឥន្ធនៈ អាចសម្រេចបាននូវការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ជាង ៧០% បើប្រៀបធៀបទៅនឹងឥន្ធនៈយន្តហោះធម្មតា។ វិធីសាស្រ្តនេះមិនងាយស្រួលដូចបច្ចេកវិទ្យាដែលប្រើប្រាស់ដោយក្រុមហ៊ុន Neste នោះទេ។
ឥន្ធនៈយន្តហោះប្រកបដោយចីរភាព ត្រូវបានចាត់ទុកថាជាមធ្យោបាយជាក់ស្តែងបំផុតក្នុងការកាត់បន្ថយកាបូននៅក្នុងឧស្សាហកម្មអាកាសចរណ៍ ដែលរួមចំណែក ២,៥% នៃការបំភាយកាបូនទូទាំងពិភពលោក ព្រោះវាមិនតម្រូវឱ្យមានការកែប្រែយន្តហោះ ឬហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មីនោះទេ។ ឥន្ធនៈនេះត្រូវបានលាយជាមួយឥន្ធនៈយន្តហោះដែលមានមូលដ្ឋានលើឥន្ធនៈហ្វូស៊ីលមុនពេលប្រើប្រាស់។ ឥន្ធនៈបៃតងមានតម្លៃថ្លៃជាងឥន្ធនៈយន្តហោះដែលមានមូលដ្ឋានលើឥន្ធនៈហ្វូស៊ីលស្ទើរតែបួនដង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





