គ្រោះរញ្ជួយដីវាយប្រហារតំបន់មួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍
AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ មានគ្រោះរញ្ជួយដីមួយចំនួនត្រូវបានកត់ត្រានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
យោងតាមមជ្ឈមណ្ឌលទិន្នន័យរញ្ជួយដីជាតិឡាវ បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៤,៩រ៉ិចទ័របានវាយប្រហារនៅជិតភូមិកេងពួន ក្នុងស្រុកវៀងសៃ ខេត្តហួផាន់ នៅវេលាម៉ោង ២៣:២៦នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ចំណុចកណ្តាលនៃការរញ្ជួយដី ដែលមានទីតាំងនៅជិតព្រំដែនជាមួយវៀតណាមនេះ មានជម្រៅប្រហែល ១០គីឡូម៉ែត្រ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរ ឬផលប៉ះពាល់នៅឡើយទេ។
អាជ្ញាធរឡាវបានជំរុញឱ្យប្រជាពលរដ្ឋ រដ្ឋបាលមូលដ្ឋាន និងអង្គការនានា បន្តប្រុងប្រយ័ត្នចំពោះការរញ្ជួយដីបន្ទាប់បន្សំ ឬសកម្មភាពភូគព្ភសាស្ត្រដែលពាក់ព័ន្ធ។ សាធារណជនត្រូវបានណែនាំឱ្យតាមដានព័ត៌មានថ្មីៗជាផ្លូវការពីនាយកដ្ឋានឧតុនិយម និងជលសាស្ត្រឡាវ និងភ្នាក់ងារពាក់ព័ន្ធ ដើម្បីតាមដានព័ត៌មាន និងត្រៀមខ្លួន។
នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសជិតខាងឡាវនោះ ក៏មានគ្រោះរញ្ជួយដីពីរដងដែរ ដែលត្រូវបានរាយការណ៍នៅរវាងព្រឹកថ្ងៃទី១២ ខែវិច្ឆិកា និងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





