អូស្ត្រាលី និងអាស៊ាន ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវិស័យអប់រំ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសអូស្ត្រាលី លោក ផាម ហ៊ុងតាំ (Pham Hung Tam) កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចូលរួមក្នុងពិធីប្រកាសសាលារៀនដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធីភាពជាដៃគូសាលារៀន BRIDGE អាស៊ាន-អូស្ត្រាលី ដែលបានប្រារព្ធឡើងតាមអនឡាញនៅទីក្រុងកង់បេរ៉ា ដោយមានអ្នកតំណាងមកពីស្ថានទូតនៃប្រទេសអាស៊ានទាំង១១។
លោក តាំ បានអបអរសាទរចំពោះការតភ្ជាប់ដ៏ជោគជ័យរវាងវិទ្យាល័យ Binh Phu របស់ប្រទេសវៀតណាម និងសាលា St Michael's Lutheran នៃប្រទេសអូស្ត្រាលី ដោយសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់វិស័យអប់រំក្នុងការភ្ជាប់ទំនាក់ទំនងប្រជាជន ការកសាងទំនុកចិត្ត និងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការយោគយល់គ្នាទៅវិញទៅមក ដោយជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែង។
កម្មវិធីនេះ គឺជាគំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌលអាស៊ាន-អូស្ត្រាលី ក្រោមក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) ដែលអនុវត្តដោយ Asialink Education នៅសាកលវិទ្យាល័យ Melbourne។ វាមានគោលបំណងពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការរវាងសាលារៀននៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសជាសមាជិកអាស៊ាន។
នៅក្នុងឆ្នាំនេះ កម្មវិធីនេះតភ្ជាប់សាលារៀនចំនួន១៨។ សាលារៀនដែលចូលរួមនីមួយៗត្រូវចាត់តាំងគ្រូបង្រៀនម្នាក់ឱ្យចូលរួមក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈតាមអនឡាញ ដែលបន្ទាប់មកត្រូវចែករំលែកចំណេះដឹងនោះទៅកាន់សហការីរបស់ពួកគេ។ គ្រូបង្រៀននោះក៏ត្រូវសម្របសម្រួលសកម្មភាពសហការរវាងសាលារៀនរបស់ខ្លួន និងសាលារៀនជាដៃគូ រួមទាំងការទៅទស្សនកិច្ចនៅតាមសាលារៀនដៃគូ និងធ្វើជាម្ចាស់ផ្ទះទទួលគ្រូបង្រៀនភ្ញៀវមកពីសាលារៀនដៃគូផ្សេងទៀត។ លើសពីនេះទៀត សាលារៀននីមួយៗត្រូវជ្រើសរើសសិស្សចំនួន ០៨នាក់ឱ្យចូលរួមក្នុងវេទិកាអនឡាញ និងគម្រោងរួមគ្នាជាមួយសិស្សានុសិស្សមកពីសាលាដែលចូលរួមផ្សេងៗទៀត។
ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅឆ្នាំ២០១៦ មក សាលារៀនប្រមាណជិត១០ នៅក្នុងប្រទេសវៀតណាមបានចូលរួមក្នុងកម្មវិធីភាពជាដៃគូសាលារៀន BRIDGE អាស៊ាន-អូស្ត្រាលីនេះ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





