ក្រសួងអប់រំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីទូរស័ព្ទដៃសាលាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥-- កម្មវិធីទូរស័ព្ទដៃសាលាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ហៅកាត់ថា Sala MIL App ជាឧបករណ៍ឌីជីថល ដែលត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលដៅជំនួយដល់ការបង្រៀន និងរៀន ការស្វ័យសិក្សាលើបំណិនភាពជាពលរដ្ឋឌីជីថលសាកល ផ្តល់ចំណេះដឹងលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសុវត្ថិភាព ភាពឆ្លាតវៃ និងទំនួលខុសត្រូវ ចេះទាញយកប្រយោជន៍ រក្សាសុវត្ថិភាព និងឯកជនភាព ជៀសវាងពីការបោកបញ្ឆោតកេងប្រវ័ញ្ចផ្សេងៗនៅលើប្រព័ន្ធអនឡាញ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

កម្មវិធីទូរស័ព្ទដៃនេះត្រូវបានផ្តួចផ្តើមអភិវឌ្ឍន៍ឡើងដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសហការដោយអង្គការ DW Akademie របស់ប្រទេសអាល្លឺម៉ង់ គាំទ្រដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ គាំទ្របច្ចេកទេសដោយក្រុមហ៊ុន KOOMPI។

លោកស្រី Nadine Jurrat អនុប្រធាននាយកដ្ឋាន DW Akademie ប្រចាំតំបន់អាស៊ី និងអឺរ៉ុប មានប្រសាសន៍ថា ថ្ងៃនេះយើងមិនមែនត្រឹមតែសម្ពោធកម្មវិធីទូរស័ព្ទដៃមួយប៉ុណ្ណោះទេ។ យើងកំពុងសម្ពោធឱកាសមួយសម្រាប់យុវជនកម្ពុជា ក្នុងការស្វែងយល់កាន់តែច្បាស់អំពីពិភពឌីជីថលដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងបង្រៀនយើងចេះទទួលខុសត្រូវ តាមរយៈកម្មវិធីទូរស័ព្ទដៃសាលាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដែលជាកម្មវីធីដំបូងគេនៅកម្ពុជា។ លោកស្រីថា កម្មវិធីនេះនាំមកនូវនវានុវត្តន៍ដល់ថ្នាក់រៀន។ វាអនុញ្ញាតឱ្យការសិក្សាកើតឡើងមិនត្រឹមតែតាមរយៈសៀវភៅ និងការបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈឧបករណ៍ឌីជីថល។ លោកស្រី Nadine Jurrat បានស្នើអ្នកទាំងអស់គ្នាធ្វើជាឯកអគ្គរដ្ឋទូតដើម្បីផ្សព្វផ្សាយពីបំណិនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ហើយថា DW Akademie ក្នុងនាមជាអង្គការអភិវឌ្ឍន៍អន្តរជាតិ ពិតជាមានកិត្តិយស និងប្តេជ្ញាចិត្តក្នុងការក្លាយជាផ្នែកមួយនៃកិច្ចការនេះ។

ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរចំពោះសមិទ្ធផលថ្មីកម្មវិធីទូរស័ព្ទដៃសាលាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដោយមានប្រសាសន៍ថា នេះជាសមិទ្ធផលដ៏សំខាន់មួយដែលនឹងចូលរួមជំរុញការយល់ដឹងស្ដីពីអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំ។ លោកជំទាវមានជំនឿថា កិច្ចសហប្រតិបត្តិការក្នុងលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថល ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ និងចូលរួមចំណែកយ៉ាងសកម្មជាមួយបេសកកម្មរបស់ក្រសួងលើការធ្វើបរិវត្តកម្មឌីជីថលប្រព័ន្ធអប់រំ ឆ្ពោះទៅរកការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងចីរភាព។

សូមជម្រាបថា កម្មវិធីទូរស័ព្ទដៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន មានមាតិកាច្រើនសម្បូរបែប ដោយមាន មេរៀន សំណួរចម្លើយ រូបភាព វីដេអូ បណ្ណាល័យ តំណភ្ជាប់ទៅកាន់កម្មវិធីផ្ញើសារស្វ័យប្រវត្តិតាមតេលេក្រាម “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ព្រមទាំងមានមុខងារតាមដានវឌ្ឍនភាពការសិក្សា មុខងាររក្សាទុក ក្រុមពិភាក្សា និងការវាយតម្លៃទៅលើមេរៀននីមួយៗ អ្វីដែលសំខាន់គឺលិខិតបញ្ជាក់ការសិក្សាបន្ទាប់ពីបញ្ចប់ដោយជោគជ័យ។ កម្មវិធីនេះមានភាពបត់បែន និងងាយស្រួល ដែលអាចឱ្យអ្នកប្រើប្រាស់ស្រាវជ្រាវ ស្វ័យសិក្សាដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





