ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធ បង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥-- ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានលើកទឹកចិត្តក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍ និងវិស័យឯកជន បង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យ កសិ-ឧស្សាហកម្ម ខណៈដែលផលិតកម្មកសិកម្មកម្ពុជាបន្តកើនឡើងឥតឈប់ឈរ ប៉ុន្តែទីផ្សារ និងការកែច្នៃ នៅមានកម្រិត។
ថ្លែងនៅក្នុងពិធីបើក “វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25)” នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា វិស័យកសិកម្មកម្ពុជាបានឈានមកដល់ដំណាក់កាលមួយថ្មី ដែលផលិតកម្មកសិកម្មបន្តកើនឡើងឥតឈប់ឈរ ខណៈដែលទីផ្សារ និងការកែច្នៃ នៅមានកម្រិត។

ឯកឧត្តមបានមានប្រសាសន៍ថា “ឈរលើមូលដ្ឋានផលិតកម្មដ៏រឹងមាំនេះ កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការប្រែក្លាយជាតួអង្គដ៏សំខាន់នៅក្នុងទីផ្សារកសិកម្មពិភពលោក ជាពិសេស ការផ្គត់ផ្គង់ផលិតផលកែច្នៃ ហើយដើម្បីសម្រេចគោលដៅនេះ ទាមទារឱ្យមានប្រព័ន្ធអេកូឡូស៊ីគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា ការវិនិយោគក្នុងស្រុកពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ការពង្រឹងភាពជាដៃគូពាណិជ្ជកម្ម ការផ្សារភ្ជាប់កសិករជាមួយទីផ្សារ បច្ចេកវិទ្យា និងនវានុវត្តន៍, ហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ និងចំណេះដឹងជាដើម”។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាមានឧត្តមភាពប្រៀបធៀបជាច្រើនសម្រាប់ការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម រួមមានទីតាំងភូមិសាស្ត្រល្អដែលអាចភ្ជាប់ទៅទីផ្សារតំបន់ និងអន្តរជាតិ លក្ខខណ្ឌក្សេត្របរិស្ថានសមស្របសម្រាប់ ផលិតកម្មកសិកម្ម មូលដ្ឋានផលិតកម្មរឹងមាំ កម្លាំងពលកម្មវ័យក្មេង ការលើកទឹកចិត្តផ្នែកពន្ធ ការសម្រួល ពាណិជ្ជកម្ម និងការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធជាដើម ដែលបង្កើតបាននូវបរិយាកាសអំណោយផលសម្រាប់ ការវិនិយោគ។ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) គឺជាគំនិតផ្តួចផ្តើមមួយដែលតួអង្គពាក់ព័ន្ធ ទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម មានឱកាសជួបប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្តូរមតិយោបល់ បង្កើតភាពជាដៃគូ និងស្វែងរកឱកាសថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

ឯកឧត្តមបានលើកឡើងថា ដើម្បីសម្រេចគោលដៅនេះ គ្រប់តួអង្គពាក់ព័ន្ធរួមមាន ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍ និងវិស័យឯកជន គួរបន្តជំរុញការបង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យ កសិ-ឧស្សាហកម្ម តាមរយៈការបន្តជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប, បង្កើនការលើកទឹកចិត្ត ការគាំទ្រ និងការប្រើប្រាស់ផលិតផល និងកសិផលខ្មែរ, បង្កើនការកែច្នៃកសិផល, និងបង្កើនកិច្ចសហការកសាងកេរ្តិ៍ឈ្មោះកម្ពុជា ជាប្រទេសផ្គត់ផ្គង់ផលិតផល និងកសិផលមាន គុណភាព សុវត្ថិភាព និងមេត្រីភាពបរិស្ថាន។
គួរបញ្ជាក់ដែរថា វិស័យកសិកម្មនៅតែបន្តរក្សាបាននូវតួនាទីដ៏សំខាន់ ខណៈដែរប្រជាពលរដ្ឋកម្ពុជាប្រមាណជា ៥៤ភាគរយ ប្រកបរបរកសិកម្ម។ ជាមួយគ្នានេះដែរ វិស័យនេះ បានរួមចំណែកផលិតផលសរុបក្នុងស្រុកប្រហែលជាជាង ១៦ភាគរយ៕
ដោយ៖ ស្រីពេជ្រ





