នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីជាមួយរដ្ឋមន្ត្រីថាមពលកាតា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ការិយាល័យរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបាននិយាយថា លោក គីម មីនសុក (Kim Min-seok)បានជួបជាមួយរដ្ឋមន្ត្រីថាមពលកាតាកាលពីថ្ងៃពុធ ហើយបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យថាមពល និងបច្ចេកវិទ្យាទំនើប។
លោក គីម បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីថាមពលកាតា លោក សាដ ប៊ីន សេរីដា អាល់ កាប៊ី (Saad bin Sherida Al Kaabi) នៅទីក្រុងសេអ៊ូលដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួមទាំងឧស្ម័នធម្មជាតិរាវ (LNG) និងបញ្ញាសិប្បនិម្មិត (AI)។
លោក គីម បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា«ប្រទេសកាតាគឺជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) ធំជាងគេទីពីរដល់ប្រទេសកូរ៉េខាងត្បូង ហើយប្រទេសរបស់យើងទទួលបានការបញ្ជាទិញនាវាដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) ច្រើនជាងគេបំផុតពីប្រទេសកាតា»។ «យើងសង្ឃឹមថានឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរបស់យើងជាមួយប្រទេសកាតាក្នុងវិស័យផ្សេងៗ មិនត្រឹមតែក្នុងវិស័យថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងវិស័យ AI ផងដែរ»។
រដ្ឋមន្ត្រីកាតាបានសម្តែងក្តីសង្ឃឹមសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការថាមពល ដោយលោកបានទទួលស្គាល់ការចូលរួមចំណែករបស់ក្រុមហ៊ុនកូរ៉េខាងត្បូងចំពោះហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការិយាល័យរបស់នាយករដ្ឋមន្ត្រី៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





