មនុស្ស ៤២នាក់ត្រូវបានគេសន្មត់ថាស្លាប់ក្នុងហេតុការណ៍លិចទូកដឹកជនអន្តោប្រវេសន៍នៅឆ្នេរសមុទ្រលីប៊ី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- អង្គការអន្តរជាតិសម្រាប់អន្តោប្រវេសន៍ (IOM) បាននិយាយកាលពីថ្ងៃពុធថា ទូកកៅស៊ូមួយគ្រឿងដែលដឹកជនអន្តោប្រវេសន៍ និងជនភៀសខ្លួនចំនួន ៤៩នាក់បានលិចនៅឆ្នេរសមុទ្រលីប៊ី ដោយបណ្តាលឱ្យមនុស្ស ៤២នាក់ត្រូវបានសន្មតថាស្លាប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការ IOM បាននិយាយថា អាជ្ញាធរលីប៊ីបានធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅថ្ងៃទី៨ ខែវិច្ឆិកា នៅជិតតំបន់ប្រេង Al Buri បន្ទាប់ពីទូកដែលបានចាកចេញពីទីក្រុងហ្ស៊ូវ៉ារ៉ា របស់ប្រទេសលីប៊ីបានលិច។
យោងតាមអ្នករស់រានមានជីវិតបានឱ្យដឹងថា ទូកនេះបានចាកចេញពីទីក្រុងហ្ស៊ូវ៉ារ៉ា នៅថ្ងៃទី៣ ខែវិច្ឆិកា។ ប្រហែល ៦ម៉ោងបន្ទាប់ពីការចាកចេញរបស់វា មានរលកខ្ពស់ៗបានបណ្តាលឱ្យម៉ាស៊ីនខូច ធ្វើឱ្យទូកលិច និងអ្នកដំណើរទាំងអស់ចូលទៅក្នុងសមុទ្រ។
យោងតាមអង្គការ IOM បានឱ្យដឹងថា បន្ទាប់ពីអណ្តែតអស់រយៈពេល៦ថ្ងៃ មនុស្ស ៧នាក់ត្រូវបានជួយសង្គ្រោះ ៤នាក់មកពីប្រទេសស៊ូដង់ ២នាក់មកពីប្រទេសនីហ្សេរីយ៉ា និងម្នាក់មកពីប្រទេសកាមេរូន។ ជនអន្តោប្រវេសន៍ដែលបាត់ខ្លួនចំនួន ៤២នាក់ត្រូវបានសន្មតថាស្លាប់ រួមទាំង ២៩នាក់មកពីប្រទេសស៊ូដង់ ៨នាក់មកពីប្រទេសសូម៉ាលី ៣នាក់មកពីប្រទេសកាមេរូននិង២នាក់មកពីប្រទេសនីហ្សេរីយ៉ា។
យោងតាមទិន្នន័យពីគម្រោងជនអន្តោប្រវេសន៍ដែលបាត់ខ្លួនរបស់អង្គការ IOM ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនជាង ១០០០នាក់បានស្លាប់នៅសមុទ្រមេឌីទែរ៉ាណេរហូតមកដល់ពេលនេះក្នុងឆ្នាំនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





