ប្រធានាធិបតីឡាវជួបជាមួយមន្ត្រីជាន់ខ្ពស់ចិន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សប្រជាជនបដិវត្តន៍ឡាវ (LPRP) និងជាប្រធានាធិបតីឡាវ បានជួបជាមួយលោក លី ស៊ូឡី (Li Shulei) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការកណ្តាល CPC កាលពីថ្ងៃអង្គារ។
លោក លី ដែលបានដឹកនាំគណៈប្រតិភូបក្ស CPC ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវបានកត់សម្គាល់ថា ទំនាក់ទំនងចិន-ឡាវនិងការកសាងសហគមន៍ចិន-ឡាវ ដែលមានអនាគតរួមគ្នាបាននាំមកនូវសមិទ្ធផលថ្មីៗ និងអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។
លោក លី បានបន្ថែមថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយប្រទេសឡាវ ដើម្បីអនុវត្តន៍ការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានដោយមេដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ពង្រីកកិច្ចសហការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ វប្បធម៌ និងទេសចរណ៍ និងរួមគ្នាកសាងសហគមន៍ចិន-ឡាវ ដែលមានស្តង់ដារខ្ពស់ មានគុណភាពខ្ពស់ និងកម្រិតកំពូលជាមួយនឹងអនាគតរួមគ្នា។
លោក ថងលួន បានសម្តែងនូវឆន្ទៈរបស់ប្រទេសឡាវក្នុងការពង្រឹងការផ្លាស់ប្តូរជាមួយប្រទេសចិនលើទ្រឹស្តី និងបទពិសោធន៍ក្នុងការគ្រប់គ្រងបក្សនិងរដ្ឋ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗ ការគ្រប់គ្រងផ្លូវដែកចិន-ឡាវ ឱ្យកាន់តែប្រសើរឡើងដើម្បីនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់ប្រទេស និងប្រជាជនទាំងពីរ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងទ្វេភាគី។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក លី ក៏បានជួបជាមួយលោក គីកែវ ខាយខាមភីធួន (Kikeo Khaykhamphithoune) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្ស LPRP និងជាឧបនាយករដ្ឋមន្ត្រីឡាវ ព្រមទាំងបានជួបពិភាក្សាជាមួយលោក ខាមផាញ ភឿយ៉ាវង់ (Khamphanh Pheuyavong) សមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការកណ្តាលបក្ស LPRP និងជាប្រធានក្រុមប្រឹក្សាឃោសនានិងបណ្តុះបណ្តាលនៃគណៈកម្មាធិការកណ្តាលបក្ស LPRP ផងដែរ។
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





