លោក ស៊ី ជីនពីង អបអរសាទរលោកស្រី ខាធឺរីន កុនណុលលី ចំពោះការចូលកាន់តំណែងជាប្រធានាធិបតីអៀរឡង់
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ីជីនពីង (Xi Jinping) កាលពីថ្ងៃអង្គារ បានផ្ញើសារអបអរសាទរទៅកាន់លោកស្រី ខាធឺរីន កុនណុលលី (Catherine Connolly) ចំពោះការចូលកាន់តំណែងជាប្រធានាធិបតីនៃប្រទេសអៀរឡង់។
លោក ស៊ី បានមានប្រសាសន៍នៅក្នុងសារនោះថា ក្នុងរយៈពេល៤៦ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងអៀរឡង់ ប្រទេសទាំងពីរសម្រេចបានវឌ្ឍនភាពនៃការអភិវឌ្ឍគួរឱ្យកត់សម្គាល់តាមរយៈការរៀនសូត្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការមិត្តភាព។
លោកបានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសទាំងពីរបានឃើញការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធនៅកម្រិតផ្សេងៗគ្នាដែលផ្តល់នូវលទ្ធផលផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែង។
លោក ស៊ី បានមានប្រសាសន៍ថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-អៀរឡង់ ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយលោកស្រី កុនណុលលី ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ បន្តមិត្តភាពប្រពៃណី គាំទ្ររួមគ្នានូវពហុភាគីនិយម និងពាណិជ្ជកម្មសេរី និងលើកកម្ពស់ការអភិវឌ្ឍជាបន្តបន្ទាប់នៃភាពជាដៃគូយុទ្ធសាស្ត្រចិន-អៀរឡង់ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរដល់ប្រជាជនទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





