វេណេស៊ុយអេឡាបញ្ជូនអ្នកឯកទេសចំនួន ២២នាក់ទៅកាន់ប្រទេសគុយបាដើម្បីជួសជុលការខូចខាតដោយសារព្យុះមេលីសសា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- រដ្ឋាភិបាលវេណេស៊ុយអេឡាបានអនុវត្តសកម្មភាពទីបីនៃសាមគ្គីភាពជាមួយគុយបា ដោយបានបញ្ជូនអ្នកឯកទេសចំនួន ២២នាក់ទៅជួយជួសជុលការខូចខាតដែលបង្កឡើងដោយព្យុះសង្ឃរាមេលីសសា នៅភាគខាងកើតនៃប្រទេសកោះនេះ។
អ្នកជំនាញក្នុងវិស័យអគ្គិសនី ដឹកជញ្ជូន និងសាធារណការ ត្រូវបានទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិ Simon Bolivar ក្នុងទីក្រុងMaiquetía រដ្ឋ La Guaira ដោយអនុរដ្ឋមន្ត្រីវេណេស៊ុយអេឡាទទួលបន្ទុកតំបន់អាម៉េរិកឡាទីន លោក រែនដឺរ ប៉េណា (Rander Peña) និងឯកអគ្គរដ្ឋទូតគុយបាប្រចាំទីក្រុងការ៉ាកាស់ លោក ចច ល្វីស ម៉ាយ៉ូ (Jorge Luis Mayo) ក្នុងចំណោមមន្ត្រីដទៃទៀត។
ព្យុះនេះបានបោកបក់ជាព្យុះសង្ឃរាកម្រិត៣ លើមាត្រដ្ឋាន Saffir-Simpson កាលពីចុងខែតុលា ដោយបានវាយប្រហារខេត្តមួយចំនួនរបស់ប្រទេសគុយបា ដូចជាខេត្តសាន់ទីអាហ្គោ ដឺ គុយបា ខេត្តឡាស់ទូណាស់ ខេត្តហូលគុន ខេត្តហ្រ្គេនម៉ា និងខេត្តគុនតាណាម៉ូ ជាកន្លែងដែលវាបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី លំនៅដ្ឋាន និងកសិកម្ម។
នៅក្នុងពិធីលាគ្នា លោក ប៉េណា បានពន្យល់ថា អ្នកឯកទេសល្អបំផុតនៅក្នុងវិស័យនីមួយៗត្រូវបានជ្រើសរើស ហើយត្រូវបានប្រគល់ភារកិច្ចឱ្យពង្រឹងក្រុមការងាររបស់គុយបាដែលកំពុងធ្វើការដើម្បីស្តារបណ្តាញអគ្គិសនីឡើងវិញតាមរយៈការធ្វើរោគវិនិច្ឆ័យ និងបន្តបញ្ជូនជំនួយក្នុងរយៈពេលខាងមុខ។
លោកបានរំលឹកឡើងវិញនូវការដឹកជញ្ជូនជំនួយតាមផ្លូវអាកាសកាលពីប៉ុន្មានថ្ងៃមុន ដែលដំបូងឡើយមានអាហារ សម្ភារៈសំណង់ និងសម្ភារៈផ្គត់ផ្គង់ចំនួន ២៦តោន ដែលត្រូវបានបញ្ជូនតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីព្យុះបានកន្លងផុតទៅ ហើយបន្ទាប់មក សម្ភារៈជំនួយជាង ៥.០០០តោនត្រូវបានដឹកជញ្ជូនតាមសមុទ្រនៅលើកប៉ាល់ ALBA «Manuel Gual»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ប្រេនសាឡាទីណា)





