លោក ម៉ាក្រុន និងលោក អាបាស ថ្លែងសុន្ទរកថា ស្តីពីការគ្រប់គ្រង និងការកសាងឡើងវិញនូវតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រធានាធិបតីបារាំង លោកអេមម៉ានុយអ៊ែល ម៉ាក្រុន (Emmanuel Macron) នឹងជួបជាមួយប្រធានាធិបតីអាជ្ញាធរជាតិប៉ាឡេស្ទីន (PNA) លោក ម៉ាមូដ អាបាស(Mahmoud Abbas) នៅឯវិមានអេលីហ្សេ ក្នុងទីក្រុងប៉ារីស ដើម្បីពិភាក្សាអំពីអភិបាលកិច្ច និងការកសាងឡើងវិញនូវតំបន់ហ្គាហ្សាស្រ្ទីប ដែលជាតំបន់មួយដែលត្រូវបានបំផ្លាញដោយអ៊ីស្រាអែល។
មេដឹកនាំទាំងពីរនឹងថ្លែងសុន្ទរកថា ស្តីពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្គាហ្សាឱ្យបានពេញលេញ ដែលជាផែនការសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលអ៊ីស្រាអែល និងចលនាប៉ាឡេស្ទីនហាម៉ាស់បានចុះហត្ថលេខាកាលពីមួយខែមុន។
ប្រធានាធិបតីបារាំងបានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃការទទួលស្គាល់ជាបន្តបន្ទាប់នៃរដ្ឋប៉ាឡេស្ទីន ដែលបានប្រកាសដោយលោកម៉ាក្រុន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីខែកញ្ញា និងការងារដែលកំពុងបន្តអនុវត្ត «ផែនការសន្តិភាព និងសន្តិសុខសម្រាប់ទាំងអស់គ្នានៅមជ្ឈិមបូព៌ា»។
ប្រភពដដែលនេះបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក ម៉ាក្រុន និងលោកអាបាស នឹងពិភាក្សាអំពីដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀង ជាពិសេសដំណាក់កាលទាក់ទងនឹងសន្តិសុខ អភិបាលកិច្ច និងការកសាងឡើងវិញនៃតំបន់ហ្គាហ្សាជាមួយនឹងការគាំទ្រពីអន្តរជាតិ។
តាមរយៈប្រធានាធិបតីរបស់ខ្លួន ប្រទេសបារាំងតស៊ូមតិគាំទ្រដំណោះស្រាយរដ្ឋពីរ និងតួនាទីរបស់ PNA ក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សាដែលជាតំបន់មួយដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ដែលការរំសាយអាវុធ និងការដកចេញពីជីវិតនយោបាយរបស់វាត្រូវបានទាមទារដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉ារីស។
បញ្ហាមួយទៀតនៅក្នុងរបៀបវារៈទ្វេភាគីនឹងជាតម្រូវការបន្ទាន់សម្រាប់ជំនួយមនុស្សធម៌យ៉ាងច្រើនដើម្បីទៅដល់តំបន់ហ្គាហ្សា ដែលជាទឹកដីដែលទទួលបានជំនួយដែលត្រូវបានអនុញ្ញាតដោយអ៊ីស្រាអែលតែប៉ុណ្ណោះ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ប្រេនសាឡាទីណា)





