វិធានការថ្មីៗស្វែងរកការកាត់បន្ថយភាពតានតឹងនៅតាមសាលារៀន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- កាលពីពេលថ្មីៗនេះ ក្រសួងអប់រំរបស់ប្រទេសចិនបានដាក់ចេញនូវវិធានការមួយចំនួន ដែលមានគោលបំណងពង្រឹងសុខភាពផ្លូវចិត្តសម្រាប់សិស្សានុសិស្សនៅតាមបឋមសិក្សា និងមធ្យមសិក្សា។ គោលនយោបាយនេះមានបំណងបន្ធូរបន្ថយសម្ពាធសិក្សា កាត់បន្ថយពេលវេលាមើលអេក្រង់ និងលើកកម្ពស់បរិយាកាសគាំទ្រទាំងនៅសាលារៀន និងនៅផ្ទះ។
វិធានការដ៏ទូលំទូលាយនេះគ្របដណ្តប់លើវិស័យចំនួន១០ ដោយផ្តោតទៅលើបញ្ហាសំខាន់ៗដែលប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្តរបស់យុវជន ដោយសង្កត់ធ្ងន់ទៅលើការកាត់បន្ថយបន្ទុកសិក្សាហួសហេតុ និងការថប់បារម្ភទាក់ទងនឹងការប្រឡង។
សាលារៀនត្រូវបានណែនាំឱ្យគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវបរិមាណកិច្ចការផ្ទះដែលសរសេរ ជៀសវាងការដាក់ទណ្ឌកម្ម ឬកិច្ចការដដែលៗ និងពិចារណាណែនាំវិធានការ «ថ្ងៃគ្មានកិច្ចការផ្ទះ» ប្រចាំសប្តាហ៍។
ការសិក្សាដ៏ទូលំទូលាយរយៈពេលបួនឆ្នាំសម្រាប់ក្មេងជំទង់ចំនួន៤២០.០០០នាក់ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវចិត្តវិទ្យាវិជ្ជមានរបស់សាកលវិទ្យាល័យ Tsinghua បានបង្ហាញថា ១៤,៨% នៃក្មេងជំទង់ដែលបានស្ទង់មតិ បានបង្ហាញពីហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តក្នុងកម្រិតផ្សេងៗគ្នា។ នេះបើយោងតាមលោក ប៉េង កៃពីង (Peng Kaiping) សាស្ត្រាចារ្យនៅនាយកដ្ឋានចិត្តវិទ្យា និងវិទ្យាសាស្ត្រយល់ដឹងរបស់សាកលវិទ្យាល័យ។
លោកបាននិយាយថា «ក្មេងជំទង់មួយចំនួនបានបង្ហាញពីកង្វះការលើកទឹកចិត្តក្នុងការរៀនសូត្រ ការមិនចាប់អារម្មណ៍លើពិភពពិតអសមត្ថភាពក្នុងការទំនាក់ទំនងសង្គម និងអារម្មណ៍គ្មានន័យក្នុងជីវិត»។
លោក វ៉ាង ស៊ូមីង (Wang Xuming) អតីតអ្នកនាំពាក្យក្រសួងអប់រំបានតស៊ូមតិឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីគោលបំណងនៃការអប់រំ ដោយផ្លាស់ប្តូរពីការអប់រំដែលផ្តោតលើការប្រឡងជាគោលការណ៍។លោកក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃអ្នកអប់រំដែលប្រកាន់គោលជំហរ ដោយផ្តល់នូវការរាប់អានពិតប្រាកដ ការស្តាប់ដោយយកចិត្តទុកដាក់និងការសន្ទនាដោយស្មើភាពគ្នា។
ដើម្បីធានាបាននូវរបៀបរស់នៅដែលមានសុខភាពល្អគោលនយោបាយនេះតម្រូវឱ្យសិស្សានុសិស្សទាំងអស់មានសកម្មភាពរាងកាយយ៉ាងហោចណាស់ពីរម៉ោងជារៀងរាល់ថ្ងៃ។ សាលារៀនត្រូវបានជំរុញឱ្យផ្តល់ជូនថ្នាក់អប់រំកាយដែលមានការទាក់ទាញជាងមុន និងការប្រកួតកីឡាជាប្រចាំ។
ការគេងគ្រប់គ្រាន់ក៏ត្រូវបានផ្តល់ជាអាទិភាពផងដែរ ដោយសាលារៀនត្រូវបានណែនាំឱ្យកែសម្រួលកាលវិភាគដើម្បីធានាសម្រាប់ការសម្រាកចាំបាច់ រួមទាំងពេលវេលាគេងលក់ស្រួលតាមដែលអាចធ្វើទៅបាន។
វិធានការថ្មីៗនេះនឹងអនុវត្តការហាមឃាត់ប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់រៀន និងលើកកម្ពស់ពេលវេលាគ្មានអេក្រង់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើឌីជីថល។ វេទិកាអនឡាញត្រូវបានជំរុញឱ្យកែលម្អក្បួនដោះស្រាយរបស់ពួកគេ ដោយបញ្ឈប់ការជំរុញខ្លឹមសារដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់សិស្សានុសិស្ស៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





