តំបន់នានាទូទាំងប្រទេសចិនផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដើម្បីបង្កើនអត្រារៀបអាពាហ៍ពិពាហ៍
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ចាប់តាំងពីដើមឆ្នាំនេះមកតំបន់ផ្សេងៗនៅទូទាំងប្រទេសចិនបានចាប់ផ្តើមផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុសម្រាប់ការរៀបអាពាហ៍ពិពាហ៍ដើម្បីបង្កើនអត្រាកំណើត។
ចំនួនអាពាហ៍ពិពាហ៍លើកដំបូងនៅក្នុងប្រទេសចិនបានធ្លាក់ចុះមកនៅត្រឹម ៩,១៧លានគូនៅក្នុងឆ្នាំ២០២៤ ដែលជាការធ្លាក់ចុះជាង ៦០% ពីចំនួនកំពូល ២៣,៨៦លានគូនៅក្នុងឆ្នាំ២០១៣។ ការចុះបញ្ជីអាពាហ៍ពិពាហ៍បានធ្លាក់ចុះពី ១៣,៤៧លានគូនៅក្នុងឆ្នាំ២០១៣ មកនៅត្រឹម ៦,១១លានគូកាលពីឆ្នាំមុន។ នេះបើយោងតាមការិយាល័យស្ថិតិជាតិ។
គំនិតផ្តួចផ្តើមក្នុងស្រុកជាច្រើន ដែលមានគោលបំណងលើកកម្ពស់បរិយាកាសរៀបអាពាហ៍ពិពាហ៍ និងសង្គមដែលងាយស្រួលសម្រាប់កំណើតបានលេចចេញជារូបរាង។
នៅក្នុងខេត្តសេជាំង កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ខេត្តកំពុងដំណើរការដើម្បីលើកទឹកចិត្តគូស្វាមីភរិយាឱ្យរៀបអាពាហ៍ពិពាហ៍។ចាប់តាំងពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ មក ទីក្រុងនីងបូ បានផ្តល់ជូនគូស្វាមីភរិយាថ្មីចំនួន ១.០០០យន់ (១៤០ដុល្លារអាម៉េរិក) ជាប័ណ្ណប្រើប្រាស់ដែលអាចប្រើសម្រាប់ការចំណាយទាក់ទងនឹងអាពាហ៍ពិពាហ៍ ដូចជាពិធីជប់លៀង ការថតរូប និងការធ្វើដំណើរជាដើម។ ប័ណ្ណស្រដៀងគ្នានេះក៏មាននៅក្នុងទីក្រុងហាងចូវ ស្រុកកេគៀវក្នុងខេត្តសៅស៊ីង និងស្រុកពូជាំងក្នុងខេត្តជីនហ័រផងដែរ។
នៅក្នុងភូមិណានលីង ក្នុងស្រុកបៃយុននៃខេត្តក្វាងចូវ ផ្តល់ជូននូវការលើកទឹកចិត្តដ៏សប្បុរសថែមទៀត។ នៅដើមឆ្នាំ២០២៥ ភូមិនេះបានប្រកាសពីរង្វាន់រហូតដល់ ៨០.០០០យន់សម្រាប់អាពាហ៍ពិពាហ៍លើកដំបូង និងរហូតដល់ ១២០.០០០យន់សម្រាប់ការសម្រាលកូន។ វាតម្រូវឱ្យគូស្វាមីភរិយារក្សាអាពាហ៍ពិពាហ៍របស់ពួកគេយ៉ាងហោចណាស់មួយឆ្នាំ មុនពេលទទួលបានប្រាក់ឧបត្ថម្ភ។
លោក ហេ ចៃមីន (He Jiamin) មន្ត្រីភូមិណានលីង បាននិយាយថាឥទ្ធិពលនៃការលើកទឹកចិត្តនៃគោលនយោបាយនេះ គឺជាក់ស្តែងរួចទៅហើយ ដោយមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការចុះឈ្មោះរៀបអាពាហ៍ពិពាហ៍បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ នេះបើយោងតាមសារព័ត៌មានជីមីអានដែលបានរាយការណ៍កាលពីថ្ងៃអង្គារ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





