កូរ៉េខាងត្បូងបន្ថែមការងារចំនួន ១៩៣.០០០កន្លែងនៅក្នុងខែតុលា ខណៈដែលការងារយុវជននៅតែខ្សោយ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រទេសកូរ៉េខាងត្បូងបានបន្ថែមការងារជាង ១៩០.០០០កន្លែងនៅក្នុងខែតុលា ដែលបន្តនិន្នាការកើនឡើងនៃការងារនៅក្នុងឆ្នាំនេះ ប៉ុន្តែការបាត់បង់ការងារនៅតែបន្តនៅក្នុងវិស័យផលិតកម្ម និងសំណង់ ក៏ដូចជាក្នុងចំណោមយុវវ័យ។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលត្រូវបានបង្ហាញកាលពីថ្ងៃពុធ។
ចំនួនអ្នកដែលមានការងារធ្វើមានចំនួន ២៩,០៤លាននាក់កាលពីខែមុនដែលកើនឡើង ១៩៣.០០០នាក់ពីមួយឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលចងក្រងដោយក្រសួងទិន្នន័យ និងស្ថិតិ។
ការកើនឡើងនេះបង្ហាញពីនិន្នាការកើនឡើងជាបន្តបន្ទាប់នៃការងារបន្ទាប់ពីការធ្លាក់ចុះមួយរយៈពេលខ្លីកាលពីខែធ្នូឆ្នាំមុន នៅពេលដែលប្រទេសនេះបានកត់ត្រាការបាត់បង់ការងារសុទ្ធចំនួន ៥២.០០០កន្លែង។
ទីផ្សារការងារបានបង្ហាញពីការងើបឡើងវិញជាលំដាប់នៅក្នុងឆ្នាំនេះដោយបានបន្ថែមការងារចំនួន ២៤៥.០០០កន្លែងនៅក្នុងខែឧសភា មុនពេលថយចុះមកនៅត្រឹម ១៨៣.០០០កន្លែងនៅក្នុងខែមិថុនា ហើយបន្ទាប់មកកើនឡើងដល់ ៣១២.០០០កន្លែងនៅក្នុងខែកញ្ញា។
ទោះបីជាមានកំណើនជារួមក៏ដោយ ក៏ទិន្នន័យការងារនៅក្នុងវិស័យផលិតកម្ម និងសំណង់នៅតែមានភាពយឺតយ៉ាវ។
វិស័យផលិតកម្ម ដែលជារឿយៗត្រូវបានចាត់ទុកថាជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកូរ៉េខាងត្បូង បានបាត់បង់ការងារចំនួន ៥១.០០០កន្លែងពីមួយឆ្នាំមុនក្នុងខែតុលា ដែលបន្តការធ្លាក់ចុះរបស់ខ្លួនដល់ខែទី១៦ ជាប់ៗគ្នា។
ឧស្សាហកម្មសំណង់ក៏បានបន្តតស៊ូផងដែរ ដោយបាត់បង់ការងារចំនួន១២៣.០០០កន្លែង ហើយបន្តធ្លាក់ចុះរបស់ខ្លួនសម្រាប់ខែទី១៨ ជាប់ៗគ្នា។
កំណើនការងារជារួមកាលពីខែមុន ភាគច្រើនត្រូវបានជំរុញដោយការជួលក្នុងចំណោមមនុស្សចាស់។
ក្រសួងបាននិយាយថា ការងារសម្រាប់មនុស្សដែលមានអាយុចន្លោះពី១៥ឆ្នាំ ទៅ ២៩ឆ្នាំបានធ្លាក់ចុះ ១៦៣.០០០កន្លែងក្នុងខែមុន។
អត្រាការងារសម្រាប់ក្រុមអាយុនេះបានធ្លាក់ចុះ ១% មកនៅត្រឹម៤៤,៦% ដែលបន្តធ្លាក់ចុះដល់ ១៨ខែជាប់គ្នា៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





