ព័រទុយហ្គាល់ចុះបញ្ជីករណីឆ្លងមេរោគអុតស្វាចំនួន ២៩ករណីចាប់តាំងពីខែសីហាមក
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- អាជ្ញាធរសុខាភិបាលព័រទុយហ្គាល់ បាននិយាយកាលពីថ្ងៃអង្គារថា មានករណីឆ្លងមេរោគអុតស្វា(mpox) ចំនួន ២៩ករណីក្នុងរយៈពេលបីខែកន្លងមកនេះ ដោយក្នុងនោះ១០ករណីត្រូវបានរាយការណ៍នៅក្នុងខែសីហា ០៣ករណីនៅក្នុងខែកញ្ញានិង ១៦ករណីនៅក្នុងខែតុលា។
អគ្គនាយកដ្ឋានសុខាភិបាល (DGS) និងវិទ្យាស្ថានសុខភាពជាតិ(INSA) លោកវេជ្ជបណ្ឌិត រីកាដូ ចច (Ricardo Jorge) បាននិយាយថា«ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការកើនឡើងនៃចំនួនករណីឆ្លងជំងឺអុតស្វាត្រូវបានគេសង្កេតឃើញ ដែលបង្ហាញពីការកើនឡើងនៃការឆ្លង បើទោះបីជានៅតែមិនទាន់មានភស្តុតាងនៃកម្រិតកំពូលនៃការរាតត្បាតថ្មីក៏ដោយ»។
ដោយសង្កត់ធ្ងន់ថា ករណីដែលត្រូវបានរាយការណ៍បានកើនឡើងនៅក្នុងខែតុលា បើប្រៀបធៀបទៅនឹងមធ្យមភាគប្រចាំខែប្រហែល១១ករណីនោះ អគ្គនាយកដ្ឋាន DGS និងវិទ្យាស្ថាន INSA បានកត់សម្គាល់ថា ការបកស្រាយនៃការកើនឡើងករណីឆ្លងនេះនៅតែអាស្រ័យលើការបញ្ជាក់ដោយមន្ទីរពិសោធន៍ និងនិន្នាការនៃករណីដែលត្រូវបានរាយការណ៍នៅក្នុងសប្តាហ៍ខាងមុខ។
នៅក្នុងរបាយការណ៍ខែតុលា អង្គការសុខភាពពិភពលោក (WHO) ក៏បានព្រមានផងដែរថា វីរុស mpox ដែលគេស្គាល់ទាំងអស់នៅតែកំពុងមានចរាចរ ដែលបង្កើនការព្រួយបារម្ភអំពីការចម្លងក្នុងសហគមន៍ជាបន្តបន្ទាប់ប្រសិនបើការផ្ទុះឡើងមិនត្រូវបានទប់ស្កាត់ឱ្យបានឆាប់រហ័ស ខណៈដែលវីរុសប្រភេទ clade ដែលទើបរកឃើញថ្មី ដែលគេស្គាល់ថា ជាវីរុសប្រភេទ clade Ib ឥឡូវនេះកំពុងរីករាលដាលហួសពីទ្វីបអាហ្វ្រិក៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





