របាយការណ៍របស់អង្គការសហប្រជាជាតិព្រមានអំពីវិបត្តិអត់ឃ្លានកាន់តែធ្ងន់ធ្ងរនៅក្នុងចំណុចក្តៅចំនួន១៦ នៅទូទាំងពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- របាយការណ៍រួមថ្មីមួយដោយអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានព្រមានកាលពីថ្ងៃពុធថាអសន្តិសុខស្បៀងអាហារស្រួចស្រាវកំពុងកាន់តែអាក្រក់ទៅៗនៅទូទាំងចំណុចក្តៅអត់ឃ្លានចំនួន១៦ នៅទូទាំងពិភពលោក ដោយមនុស្សរាប់លាននាក់កំពុងប្រឈមមុខនឹងហានិភ័យនៃគ្រោះទុរ្ភិក្សក្នុងរវាងខែវិច្ឆិកា ឆ្នាំ២០២៥និងខែឧសភា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍ចំណុចក្តៅអត់ឃ្លាន បានឱ្យដឹងថា ជម្លោះ និងអំពើហិង្សា គឺជាកត្តាជំរុញចម្បងនៃភាពអត់ឃ្លាននៅក្នុងតំបន់ដែលរងផលប៉ះពាល់ចំនួន១៤។
ប្រទេស និងដែនដីដែលមានការព្រួយបារម្ភបំផុតរួមមាន ប្រទេសហៃទី ម៉ាលី ប៉ាឡេស្ទីន ស៊ូដង់ខាងត្បូង ស៊ូដង់ និងយេម៉ែន ជាកន្លែងដែលប្រជាជនកំពុងប្រឈមមុខនឹងហានិភ័យនៃភាពអត់ឃ្លានដ៏មហន្តរាយ។ប្រទេសអាហ្វហ្គានីស្ថាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មីយ៉ាន់ម៉ានីហ្សេរីយ៉ា សូម៉ាលី និងស៊ីរី ត្រូវបានចុះបញ្ជីជាប្រទេសដែលមានការព្រួយបារម្ភខ្ពស់ ខណៈដែលប្រទេសប៊ូគីណាហ្វាសូ ឆាដ កេនយ៉ា និងជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែសក៏កំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរដែរ។
របាយការណ៍នោះបានព្រមានថា គិតត្រឹមចុងខែតុលា ឆ្នាំ២០២៥ មូលនិធិមនុស្សធម៌មានតែ ១០,៥ប៊ីលានដុល្លារអាម៉េរិកប៉ុណ្ណោះក្នុងចំណោមថវិកាចំនួន ២៩ប៊ីលានដុល្លារអាម៉េរិកដែលជាតម្រូវការដើម្បីជួយអ្នកដែលកំពុងប្រឈមមុខនឹងហានិភ័យបំផុតប៉ុណ្ណោះដែលត្រូវបានទទួល ដែលបង្ខំឱ្យភ្នាក់ងារកាត់បន្ថយការចែកចាយអាហារ និងផ្អាកកម្មវិធីអាហារូបត្ថម្ភនិងការផ្តល់អាហារដល់សាលារៀន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





