ប្រមុខអង្គការសហប្រជាជាតិសាទរចំពោះការបោះឆ្នោតសភាអ៊ីរ៉ាក់ និងជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលដោយសន្តិវិធី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- លោក អាន់តូនីញ៉ូ ហ្គូតេរេស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអបអរសាទរដល់ប្រជាជនអ៊ីរ៉ាក់កាលពីថ្ងៃអង្គារ សម្រាប់ការរៀបចំបោះឆ្នោតសភា និងបានកោតសរសើរដល់គណៈកម្មការរៀបចំការបោះឆ្នោតឯករាជ្យជាន់ខ្ពស់ (IHEC) របស់ប្រទេសនេះ ដែលធានាបាននូវការរៀបចំប្រកបដោយប្រសិទ្ធភាព។
លោក ហ្គូតេរេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយអ្នកនាំពាក្យរបស់លោក គឺលោក ស្តេហ្វេន ឌូចារិក (Stephane Dujarric) ថា «លោកអគ្គលេខាធិការស្វាគមន៍ចំពោះការប្រព្រឹត្តទៅនៃការបោះឆ្នោតដោយស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់ និងជឿជាក់ថា អ្នកពាក់ព័ន្ធនយោបាយនឹងរក្សាស្មារតីសន្តិភាព និងការគោរពចំពោះដំណើរការបោះឆ្នោត ខណៈដែលលទ្ធផលកំពុងរង់ចាំ»។
លោកបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃដំណើរការការបង្កើតរដ្ឋាភិបាលឱ្យបានទាន់ពេលវេលា និងប្រកបដោយសន្តិភាព ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនអ៊ីរ៉ាក់ និងបំពេញតាមសេចក្តីប្រាថ្នារបស់ពួកគេសម្រាប់ស្ថិរភាព និងការអភិវឌ្ឍ។
ប្រមុខអង្គការសហប្រជាជាតិបានបញ្ជាក់សារជាថ្មីនូវការគាំទ្រជាបន្តបន្ទាប់របស់អង្គការសហប្រជាជាតិចំពោះប្រទេសអ៊ីរ៉ាក់ ក្នុងការពង្រឹងសមិទ្ធផលប្រជាធិបតេយ្យរបស់ខ្លួន និងកសាងអនាគតដ៏សុខសាន្ត និងវិបុលភាព។
យោងតាមគណៈកម្មការ IHEC បានឱ្យុដឹងថា ប្រជាជនអ៊ីរ៉ាក់ជាង១២លាននាក់ រួមទាំងបុគ្គលិកសន្តិសុខ និងជនភៀសខ្លួន បានបោះឆ្នោតនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃចន្ទ ដែលតំណាងឱ្យអ្នកចូលរួមបោះឆ្នោតជាង ៥៥%។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាំម៉េដ ស្សៀ អាល់-ស៊ូដានី(Mohammed Shia al-Sudani) បានសាទរចំពោះការបោះឆ្នោតនេះថា ជា«ជំហានគួរឱ្យកត់សម្គាល់មួយឆ្ពោះទៅរកស្ថិរភាព និងវឌ្ឍនភាពកាន់តែខ្លាំង»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





