អភិបាលរងខេត្តសៀមរាបជំរុញឱ្យមន្ត្រីភូមិទាំងអស់ត្រូវតែមាន សីលធម៌ ជាគំរូល្អ ក្នុងការបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងតម្លាភាព
AKP សៀមរាប ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥-- ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីណែនាំស្តីពីតួនាទីនិងភារកិច្ចរបស់មន្ត្រីភូមិ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យមន្ត្រីភូមិទាំងអស់ត្រូវតែមាន សីលធម៌ និងភាពជាគំរូ ល្អក្នុងការងារ ជាពិសេសត្រូវបង្កើនប្រសិទ្ធភាពក្នុងការ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងតម្លាភាពព្រោះតួនាទីរបស់មន្ត្រីភូមិ គឺក្នុងនាមជា អ្នកសម្របសម្រួល រវាងប្រជាពលរដ្ឋ និងអាជ្ញាធរឃុំ-សង្កាត់ ហើយត្រូវមានកិច្ចសហការ និងសាមគ្គីភាពល្អរវាងមន្ត្រីភូមិជាមួយមេភូមិ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

លោកអភិបាលរងខេត្តសៀមរាបបន្តថា សិក្ខាសាលាពិគ្រោះយោបល់នាពេលនេះរៀបចំឡើងក្នុងគោលបំណងទទួលបានធាតុចូលបន្ថែមលើសេចក្ដីព្រាងស្ដីពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិកាន់តែគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ជាពិសេសការកំណត់ឱ្យកាន់តែច្បាស់ និងធ្វើបច្ចុប្បន្នភាពអំពីតួនាទី និងភារកិច្ចរបស់មន្ត្រីភូមិដូចជា តួនាទី ភារកិច្ចរបស់មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញតួនាទី និងភារកិច្ចរបស់មន្ត្រីភូមិ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការនានារបស់ប្រជាពលរដ្ឋក្នុងភូមិរបស់ខ្លួន។

លោក ហេង គង់ម៉េង អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំភូមិ គឺមានភារកិច្ចសំខាន់ក្នុងការជួយក្រុមប្រឹក្សាឃុំ សង្កាត់ ឬរដ្ឋបាលឃុំ សង្កាត់ លើការផ្តល់សេវានានាជូនប្រជាជន ការសម្របសម្រួលកិច្ចការភូមិ ការអភិវឌ្ឍឃុំ សង្កាត់ និងទំនាក់ទំនងការងារជាមួយនឹងរដ្ឋបាលឃុំ សង្កាត់ ជាដើម។

លោក ហេង គង់ម៉េង បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាយើងមានរាជធានីនិងខេត្តចំនួន២៥ ក្រុងចំនួន៣៣ ស្រុកចំនួន១៦៣ ខណ្ឌចំនួន១៤ ឃុំចំនួន១៣៧៨ សង្កាត់ចំនួន២៧៤ និងភូមិចំនួន១៤ ៥៨១ភូមិ ៕
ដោយ ឃុត សៅ





