កម្ពុជា-សិង្ហបុរី ដាក់ដំណើរការការទូទាត់ឆ្លងដែនតាម QRCode ដំណាក់កាលទី១
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥--កម្ពុជា និងសាធារណរដ្ឋសិង្ហបុរី បានដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមហ្សូអរកូតដំណាក់កាលទី១ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាមានគណនីធនាគារជាប្រាក់រៀលអាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវា នៅពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចូលរួមក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងសិង្ហបុរី “ដំណាក់កាលទី១៖ កម្ពុជាស្កេនហ្សូអរកូតនៅក្នុងប្រទេសសិង្ហបុរី” នៅក្នុងឱកាសនៃព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរីឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។
យោងតាមធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនដំណាក់កាលទី១នេះ នឹងផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាដែលមានគណនីធនាគារជាប្រាក់រៀលអាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវា នៅពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដោយប្រើប្រាស់កម្មវិធីទូទាត់បាគង ឬកម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកបាគង ដើម្បីស្តេនទូទាត់តាម RoamQR របស់ពាណិជ្ជករ SGQR នៅទូទាំងប្រទេសសិង្ហបុរី ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។
ប្រភពដដែលបានបន្តថា កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនទ្វេភាគីរវាងប្រទេសកម្ពុជា និងសិង្ហបុរីនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់បន្ថយតម្រូវការ ក្នុងការប្តូររូបិយប័ណ្ណក៏ដូចជាការប្រើប្រាស់ប័ណ្ណទូទាត់ ដោយផ្តល់លទ្ធភាពក្នុងការធ្វើប្រតិបត្តិការទូទាត់ភ្លាមៗ។
បន្ថែមពីនេះ កិច្ចសហការនេះ នឹងជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយ និរន្តរភាពរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ដែរថា គម្រោងទូទាត់ឆ្លងដែននេះផ្តួចផ្តើមឡើងដោយមានដៃគូសហការក្នុងវិស័យឯកជនរួមមាន ធនាគារអេស៊ីលីដា ភីអិលស៊ី ធនាគារហ្វីលីព ភីអិលស៊ី និងក្រុមហ៊ុនបណ្តាញទូទាត់ Liquid Group ដែលការណ៍នេះបានសបញ្ជាក់ពីការចូលរួមយ៉ាងសំខាន់របស់វិស័យឯកជន ក្នុងការជំរុញការតភ្ជាប់ ការទូទាត់ឆ្លងដែនជាឌីជីថល ព្រមទាំងបានរួមចំណែកគាំទ្រដល់ការសម្រេចបាននូវទស្សនវិស័យ រួមក្នុងការអភិវឌ្ឍអន្តរប្រតិបត្តិការទូទាត់ក្នុងតំបន់អាស៊ានប្រកបដោយបរិយាបន្ន៕
ដោយ៖ ស្រីពេជ្រ





