ឯកឧត្តម ឌិត ទីណា ចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយសារការបាញ់ប្រហាររបស់កងកម្លាំងថៃ
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥--ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំមកនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះប្រជាជនខ្មែរជាជនស៊ីវិលស្លូតត្រង់ ដែលបានរងគ្រោះដោយសារការបាញ់ប្រហារយ៉ាងគឃ្លើនដោយកងកម្លាំងថៃមកលើប្រជាពលរដ្ឋ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានកើតឡើងកាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៥:៥០នាទី។ កម្លាំងទាហានថៃ បានប្រើកាំភ្លើងបាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបណ្តាលឱ្យ ប្រជាពលរដ្ឋខ្មែរ ស្លាប់ចំនួន០១នាក់ និងរងរបួសចំនួន០៣ នាក់។

ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ ឯកឧត្តម ឌិត ទីណា និងក្រុមការងារ បានសម្តែងនូវការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃមកលើប្រជាជនខ្មែរជាជនស៊ីវិលស្លូតត្រង់ ដែលជាទង្វើមិនអាចទទួលយកបាន។ យើងទាំងអស់គ្នាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃមកលើប្រជាជនខ្មែរ ហើយបន្តគាំទ្រនូវរាល់វិធានការ និងការសម្រេចចិត្តប្រកបដោយភាពចាស់ទុំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ក្នុងគោលបំណងស្វែងរកសុខសន្តិភាពជូនប្រជាជន។

រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តរក្សាជំហរក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈយន្តការការទូត និងវិធានការប្រកបដោយភាពចាស់ទុំ ដើម្បីធានាបាននូវសុខសន្តិភាព និងសន្តិសុខជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន៕

ដោយ ឈុន សារ៉ាត





