អភិបាលខេត្តបន្ទាយមានជ័យ៖ ការបាញ់ប្រហារពីទាហានថៃបានបង្ខំឱ្យប្រជាពលរដ្ឋជាង២០០គ្រួសារត្រូវជម្លៀសចេញពីភូមិព្រៃចាន់
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥--ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធចុះអន្តរាគមន៍ទាំងយប់ ដើម្បីជម្លៀសប្រជាពលរដ្ឋប្រមាណជាង ២០០ គ្រួសារ ដែលរស់នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ ចេញពីភូមិឋានរបស់ខ្លួន ក្រោយរងការបាញ់ប្រហារយ៉ាងគឃ្លើនពីសំណាក់ទាហានថៃ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់ម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួស។ ការបាញ់ប្រហារដ៏សាហាវឃោរឃៅនេះ បានបង្ខំឱ្យអាជ្ញាធរត្រូវរៀបចំការជម្លៀសប្រជាពលរដ្ឋជាបន្ទាន់ទៅកាន់ទីតាំងមានសុវត្ថិភាព។

សម្រាប់ការចុះជួយ និងការរៀបចំទីទួលសុវត្ថិភាព ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា អាជ្ញាធរ និងកងកម្លាំងចម្រុះបានចុះជួយដឹកជញ្ជូនប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីធានាសុវត្ថិភាពអាយុជីវិតរបស់ពួកគាត់។ ចំនួនគ្រួសារដែលជម្លៀសជាង២០០ គ្រួសារ ទីតាំងជម្លៀសបណ្តោះអាសន្នជាង១០០ គ្រួសារត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពនៅ វត្តចាន់ស៊ីសាមគ្គីរតនារាម ក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំទីកន្លែងស្នាក់នៅដែលមានសុវត្ថិភាពជូនពួកគាត់ រួមទាំងការផ្គត់ផ្គង់ ស្បៀងអាហារ និងការត្រៀមលក្ខណៈរបស់ ក្រុមគ្រូពេទ្យ ឱ្យប្រចាំការជាប់ជានិច្ច ដើម្បីតាមដាន និងជួយសង្គ្រោះដល់ពលរដ្ឋដែលរងគ្រោះ។

ក្នុងឱកាសចុះសួរសុខទុក្ខ និងផ្តល់ជំនួយដល់ពលរដ្ឋរងគ្រោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវប្រសាសន៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើហិង្សារបស់ទាហានថៃ និងបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ដោយបានថ្លែងថា "ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏សាហាវឃោរឃៅនេះ ដែលបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរស្លូតត្រង់របស់យើងបាត់បង់ជីវិត និងរងរបួស។ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយយ៉ាងក្រៀមក្រំ និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព។" "ថ្ងៃនេះ ខ្ញុំចុះមកទាំងយប់ ដើម្បីបង្ហាញការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាល ចំពោះបងប្អូនជនភៀសសឹកទាំងអស់។ យើងខ្ញុំនឹងបន្តចាត់វិធានការការពារប្រជាពលរដ្ឋរបស់យើងឱ្យបានជាដាច់ខាត ដូចការណែនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងរក្សាគោលជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមកិច្ចព្រមព្រៀងអន្តរជាតិ។"

ការបាញ់ប្រហារនេះបានកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋនៅភូមិព្រៃចាន់ បានរងនូវការយាយីជាបន្តបន្ទាប់ពីសំណាក់ក្រុមទាហាន និងក្រុមជ្រុលនិយមថៃ អស់រយៈពេលប្រមាណជា ៣ ខែមកហើយ។ សកម្មភាពនៃការយាយីទាំងនោះរួមមាន ការរាយបន្លាលួសព័ទ្ធយកដី និងផ្ទះសម្បែង ការចាក់សំឡេងរំខាននៅពេលរាត្រី។ ទោះបីជាមានការគំរាមកំហែងទាំងនេះក៏ដោយ ពួកគាត់បានតស៊ូក្រាញននៀលមិនព្រមចាកចេញពីភូមិឋានរបស់ខ្លួនឡើយ។
ហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា គឺជាទង្វើដែលផ្ទុយស្រឡះពីស្មារតីនៃ "សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ" ដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។ ក្តីរីករាយដែលពួកគាត់ធ្លាប់រំពឹងទុកថានឹងមានសន្តិភាពពិតប្រាកដ បានប្រែក្លាយទៅជាក្តីសោកសង្រេង និងការសោកស្តាយចំពោះទង្វើរបស់យោធាថៃ ដែលមិនបានគោរពតាមកិច្ចព្រមព្រៀង៕
ដោយ ឈុន សារ៉ាត





