កម្ពុជា និងឡាវ ឯកភាពគ្នាដំឡើងកម្រិតកិច្ចសហប្រតិបត្តិការទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើង
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥-- កម្ពុជា និងឡាវ ដែលជាប្រទេសក្បែរខាងគ្នាបានឯកភាពគ្នាក្នុងការដំឡើងកម្រិតកិច្ចសហប្រតិបត្តិការទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងថែមទៀត។ ការឯកភាពគ្នាយ៉ាងដូច្នេះកើតមានឡើងនាជំនួបរវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាឱកាសចូលរួមមហាសន្និបាតលើកទី២៦នៃអង្គការទេសចរណ៍សហប្រជាជាតិនៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត។

តាមរយៈជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះភាគីទាំងពីរបានឯកភាពគ្នាស្នើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីដំឡើងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដែលមានស្រាប់មួយកម្រិតទៀតឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ក្នុងគោលបំណងរួមគ្នា ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ តាមរយៈការទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរ ដែលកើតចេញពីការពង្រឹងកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ក្នុងក្របខណ្ឌតំបន់ និងអនុតំបន់មានដូចជាក្នុងក្របខណ្ឌ ASEAN, GMS, CLMV, ACMECS ការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍ ជាពិសេសតាមខេត្តជាប់ព្រំដែន ការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់រវាងទីក្រុងធំៗ និងជាគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ការរៀបចំឱ្យភាគីឯកជនក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នាដើម្បីបង្កើតជាកញ្ចប់ទស្សនកិច្ច និងការពិនិត្យលទ្ធភាពបង្កើតខ្សែទស្សនកិច្ចអង្គរវត្ត-វត្តភូ ដែលសុទ្ធតែជាបេតិកភណ្ឌពិភពលោក៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





