ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិអាហារូបត្ថម្ភ
AKP កំពង់ឆ្នាំង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិអាហារូបត្ថម្ភលើកទី១២ ក្រោមប្រធានបទ “អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាព ដើម្បីអាហារូបត្ថម្ភ” នៅសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក យ៉ង ភិរម្យ អភិបាលរងខេត្ត និងឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និងតំណាងសហគមន៍អាជីវករ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ បានយកចិត្តទុកដាក់យ៉ាងសំខាន់។ បច្ចុប្បន្នប្រទេសមួយចំនួនក្នុងពិភពលោក បាននិងកំពុងប្រឈមវិបត្តិសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ។ កម្ពុជាមិនត្រឹមតែបញ្ចៀសបាននូវវិបត្តិស្បៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាប់យកឱកាសនេះ ដើម្បីពង្រឹងប្រព័ន្ធស្បៀង តាមរយៈការដាក់ចេញនូវវិធានការ ដើម្បីផលិត និងផ្គត់ផ្គង់ផលិតផលកសិកម្ម ប្រកបដោយគុណភាព ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសស្រូវអង្ករ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា ពាក់ព័ន្ធដល់ដំណើរការនៃការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់ឆ្នាំ២០២៥- ២០២៨ ដោយកំណត់គោលដៅគោលនយោបាយ យុទ្ធសាស្ត្រ វិធានការ និងផែនការសកម្មភាពជាច្រើនសំដៅសម្រាលនូវផលប៉ះពាល់ទៅលើអាកាសធាតុដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទាំងកញ្ចក់ តាមរយៈការជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍន៍បៃតង និងការលើកកម្ពស់ ឥណទានបៃតង ទីផ្សារកាបូនជាដើម និងការសម្របតាមការប្រែប្រួលអាកាសធាតុដោយផ្អែកលើមូលដ្ឋាននៃការកាត់បន្ថយភាពងាយរងគ្រោះពីឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន បានជំរុញដល់គ្រប់ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជននិងប្រជាពលរដ្ឋគ្រប់រូប សូមបន្តការយកចិត្តទុកដាក់និងអនុវត្តភារកិច្ចរបស់ខ្លួនដើម្បីពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ឆ្លាតវៃធន់ បរិយាបន្ន ផ្ដល់របបអាហារសុខភាពនិងអាហារូបត្ថម្ភ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពឆ្នាំ២០៣០៕

ដោយ បៃ ស៊ីថុន





