គណៈប្រតិភូខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ទស្សនកិច្ចរមណីយដ្ឋានប្រាសាទកោះកេរ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥-- មន្ត្រីនៃអាជ្ញាធជាតិព្រះវិហារបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃប្រទេសឡាវ ដែលដឹកនាំដោយ ឯកឧត្តមអភិបាលខេត្តចម្ប៉ាសាក់ បណ្ឌិត Alountxay Sunnarath រួមដំណើរដោយមន្ត្រីក្រោមឱវាទ មកទស្សនានៅប្រាសាទធំក្នុងរមណីយដ្ឋានប្រាសាទកោះកេរ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត Alountxay Sunnarath អភិបាលខេត្តចម្ប៉ាសាក់ បានកោតសរសើរដល់ទេសភាពវប្បធម៌ និងធម្មជាតិដ៏ស្រស់បំព្រង ដែលគួរឱ្យចង់ទស្សនា។ បន្ថែមពីនេះ លោកបានផ្តល់ជាមតិយោបល់ដល់ការថែរក្សាសម្បត្តិវប្បធម៌ទាំងនេះឱ្យបានល្អ និងគង់វង្សសម្រាប់អ្នកជំនាន់ក្រោយៗទៀតបានទស្សនាកម្សាន្តដោយរីករាយ។

រមណីដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ មានផ្ទៃដីប្រមាណ ៨ពាន់ហិកាតា ដែលមានប្រាសាទជាង៧០ ក្នុងនោះមានប្រាសាទធំមួយ ដែលត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគេ្នយ៍៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)





