អ្នកនាំពាក្យក្រសួងការពារជាតិលើកឡើងថា ការបើកការវាយប្រហាររបស់យោធាថៃលើពលរដ្ឋកម្ពុជា បន្ទាប់ពី ធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃណាស់មកហើយ ក្នុងចេតនាញុះញង់បង្កដល់ការប៉ះទង្គិចគ្នា
AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥--
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ឱ្យដឹងថា ការបើកការវាយប្រហាររបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជាធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃណាស់មកហើយ ក្នុងចេតនាញុះញង់ដើម្បីបង្កដល់ការប៉ះទង្គិចគ្នា។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិនេះ ធ្វើឡើងក្នុងសេចក្ដីថ្លែងព័ត៌មានស្ដីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅលើកទី១ វេលាម៉ោងប្រមាណ ១៥:៥០នាទី និងវេលាម៉ោង ១៧:៥៤នាទីល្ងាច ក្រុមយោធាថៃបានបើកការបាញ់ប្រហារសាជាថ្មី និងកំពុងបន្តបាញ់ប្រហារមកលើប្រជាជនកម្ពុជា នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន បង្កការរបួសធ្ងន់ស្រាលដល់ជនស៊ីវិលចំនួន ០៥ រូប និងចំនួន ០១រូប បានទទួលមរណភាព។ លោកជំទាវឧត្ដមសេនីយ៍ឯកបន្ដថា រហូតមកដល់ម៉ោង១៦ និង២០នាទី ទើបសភាពការណ៍ត្រឡប់ទៅស្ថានភាពស្ងប់ស្ងាត់ឡើងវិញ។
លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមិនប្រដាប់ដោយអាវុធ ក៏មានវត្តមាននៅទីកន្លែងកើតហេតុនោះផងដែរ ដើម្បីការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋយើង ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរពគោលការណ៍ និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ រួមទាំង គោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្របតាមច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ លោកជំទាវ ឧត្តមសេនីយ៍ឯកបានបន្ថែមថា ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលការចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន៕

ដោយ៖ ប៊ុនរិទ្ធ





