កូរ៉េខាងត្បូង និងហូឡង់ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខដែលកំពុងកើតមាន
AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ក្រសួងការបរទេសទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃអង្គារថា អ្នកការទូតនៃប្រទេសកូរ៉េខាងត្បូងនិងហូឡង់បានពិភាក្សាគ្នាអំពីវិធីធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខដែលកំពុងកើតមាន រួមទាំងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវខាងយោធា។
ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កិច្ចពិភាក្សានេះបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចសន្ទនាពិគ្រោះយោបល់សន្តិសុខរបស់ពួកគេនៅទីក្រុងឡាអេ កាលពីថ្ងៃចន្ទ (ម៉ោងក្នុងស្រុក) រវាងលោកយូន ជុងក្វុន (Youn Jong-kwon) ឯកអគ្គរដ្ឋទូតទទួលបន្ទុកកិច្ចការសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតអន្តរជាតិ និងលោក វូទឺ ជួរជេនស៍ (Wouter Jurgens)នាយកគោលនយោបាយសន្តិសុខនៅក្រសួងការបរទេសហូឡង់។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ពួកគេបានស្វែងយល់ពីវិធីជាក់ស្តែងដែលប្រទេសទាំងពីរអាចធ្វើការរួមគ្នាដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវក្នុងវិស័យយោធា ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
ភាគីទាំងពីរបានយល់ព្រមបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើនការសម្របសម្រួលជាមួយអន្តរជាតិលើវិស័យទាំងនេះ ដោយភាគីទាំងពីរបានកត់សម្គាល់ថា សន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងសហភាពអឺរ៉ុបកំពុងមានទំនាក់ទំនងគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង។
ក្រសួងបាននិយាយថា ពួកគេក៏បានពិភាក្សាអំពីបញ្ហាសន្តិសុខប្រពៃណីផងដែរ ដូចជាការមិនរីកសាយភាយអាវុធមហាប្រល័យជាដើម៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





