ឧបនាយករដ្ឋមន្ត្រីចិនអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសន័រវេស
AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ឧបនាយករដ្ឋមន្ត្រីចិន លោក ឌីង ស៊ូស៊ាំង (Ding Xuexiang) បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើនលើវិស័យជាច្រើន នៅពេលដែលលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសន័រវេស លោក អេស្ពេន បាត អ៊ីដ (Espen Barth Eide) នៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ។
លោក ឌីង ដែលជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន(CPC) បាននិយាយថា ប្រជាជនចិន និងន័រវេសរីករាយនឹងមិត្តភាពប្រពៃណីហើយបានរក្សាទំនាក់ទំនងទ្វេភាគីនៃការអភិវឌ្ឍប្រកបដោយសុខភាពល្អនិងស្ថិរភាព។ លោកបានបន្ថែមថា មេដឹកនាំប្រទេសទាំងពីរបានឈានដល់ការឯកភាពគ្នាដ៏សំខាន់មួយលើការជំរុញទំនាក់ទំនងក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេកាលពីឆ្នាំមុន។
លោកបានបន្តថា សម័យប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការកណ្តាលបក្ស CPC លើកទី២០ បានគូសបញ្ជាក់ពីផែនការសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដែលនឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់កិច្ចសហប្រតិបត្តិការចិន-ន័រវេស។ លោកបានជំរុញឱ្យមានការជឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយកាន់តែស៊ីជម្រៅពង្រឹងការទំនាក់ទំនងជាយុទ្ធសាស្ត្រ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរបៃតង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ដោយថ្លែងការសរសើរចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលប្រទេសចិនសម្រេចបានក្នុងការផ្លាស់ប្តូរបៃតង និងវិស័យផ្សេងៗទៀតលោក អ៊ីដ បាននិយាយថា ប្រទេសន័រវេសប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ ដោយលោកបានបន្ថែមថា ប្រទេសនេះមានឆន្ទៈក្នុងការកែលម្អទំនាក់ទំនងទ្វេភាគី និងនាំមកនូវកិច្ចសហប្រតិបត្តិការដល់កម្រិតកំពូល៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





