លោក ស៊ី អបអរសាទរលោក អ៊ូអាតតារ៉ា ក្នុងការបោះឆ្នោតឡើងវិញជាប្រធានាធិបតីកូតឌីវ័រ
AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ីជីនពីង (Xi Jinping) កាលពីថ្ងៃចន្ទ បានផ្ញើសារអបអរសាទរទៅកាន់លោក អាឡាសសានេ អ៊ូអាតតារ៉ា (Alassane Ouattara) ក្នុងការបោះឆ្នោតជ្រើសរើសឡើងវិញជាប្រធានាធិបតីកូតឌីវ័រ។
នៅក្នុងសាររបស់លោក លោក ស៊ី បាននិយាយថា ប្រទេសចិន និងកូតឌីវ័រ គឺជាដៃគូដ៏ល្អនៅលើមាគ៌ាឆ្ពោះទៅរកទំនើបកម្ម។
លោក ស៊ី បានថ្លែងថា ទំនាក់ទំនងទ្វេភាគីបានរក្សាសន្ទុះអភិវឌ្ឍន៍ដ៏រឹងមាំជាមួយនឹងសមិទ្ធផលផ្លែផ្កានៅក្នុងវិស័យផ្សេងៗ និងពង្រឹងមិត្តភាពរវាងប្រជាជនទាំងពីរ។
លោក ស៊ី បានមានប្រសាសន៍ថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កូតឌីវ័រ ហើយមានឆន្ទៈក្នុងការធ្វើការជាមួយលោក អ៊ូអាតតារ៉ា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី និងលើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងចំណោមតំបន់ភាគខាងត្បូង៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





