ព្រឹទ្ធសភាអាម៉េរិកអនុម័តសេចក្តីព្រាងច្បាប់ដើម្បីបើករដ្ឋាភិបាលឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលនឹងស្តារមូលនិធិសម្រាប់ភ្នាក់ងារសហព័ន្ធឡើងវិញរហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅក្នុងការបោះឆ្នោតមួយកាលពីថ្ងៃចន្ទ។ ការបោះឆ្នោតនេះត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ C-SPAN។
ការបោះឆ្នោតដោយសំឡេងគាំទ្រ ៦០-៤០ នឹងបញ្ចប់ការបិទរដ្ឋាភិបាលដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងបន្ទាប់នឹងបញ្ជូនទៅសភាតំណាងរាស្ត្រ ហើយប្រសិនបើត្រូវបានអនុម័តដោយសភាជាន់ទាបនៃសភាសហរដ្ឋអាមេរិក វានឹងត្រូវបញ្ជូនទៅប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)ដើម្បីចុះហត្ថលេខាឱ្យចូលជាធរមាន។
សមាជិកព្រឹទ្ធសភាអាម៉េរិក លោក រែនដ៍ ផូល (Rand Paul) មកពីរដ្ឋគែនទុកគី គឺជាសំឡេង «ប្រឆាំង» តែមួយគត់របស់គណបក្សសាធារណរដ្ឋ។
ភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកបានផ្អាកការងារមួយផ្នែកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ដោយសារតែខ្វះមូលនិធិ បន្ទាប់ពីតំណាងនៃគណបក្សសាធារណរដ្ឋដែលកំពុងកាន់អំណាចមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមមកពីគណបក្សប្រជាធិបតេយ្យនៅក្នុងសភាសហរដ្ឋអាមេរិកទៅលើធាតុចំណាយមួយចំនួនរួមទាំងការថែទាំសុខភាពផងនោះ។ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានញុះញង់ឱ្យមានការបិទ និងពន្យារពេលវាសម្រាប់គោលបំណងនយោបាយ។
ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកបច្ចុប្បន្នបានក្លាយជាការបិទយូរបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ដោយបំបែកកំណត់ត្រាដែលបានកំណត់កាលពីក្នុងឆ្នាំ២០១៨-២០១៩ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកដូណាល់ ត្រាំ ជាប្រធានាធិបតី (ឆ្នាំ២០១៧-២០២១)៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





