រុស្ស៊ី និងកាហ្សាក់ស្ថាន នឹងចុះហត្ថលេខាលើសេចក្តីប្រកាស ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រធានាធិបតីកាហ្សាក់ស្ថានលោក កាស់ស៊ីម-ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) បានប្រកាសថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសរុស្ស៊ី ភាគីទាំងពីរនឹងចុះហត្ថលេខាលើសេចក្តីប្រកាស ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។
លោកបាននិយាយនៅក្នុងអត្ថបទមួយថា «ការចុះហត្ថលេខាលើសេចក្តីប្រកាស ស្តីពីការផ្លាស់ប្តូរទំនាក់ទំនងរវាងកាហ្សាក់ស្ថាន និងរុស្ស៊ីទៅកាន់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសម្ព័ន្ធភាពនេះ នឹងក្លាយជាធាតុដ៨សំខាន់នៅក្នុងរបៀបវារៈដ៏ទូលំទូលាយនៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ទីក្រុងម៉ូស្គូ។ ឯកសារនេះច្បាស់ជានឹងបើកយុគសម័យថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី ដោយបញ្ជាក់ពីកម្រិតនៃការជឿទុកចិត្តគ្នាទៅវិញទៅមក និងការត្រៀមខ្លួនរួមគ្នាសម្រាប់ការងារកាន់តែជិតស្និទ្ធនៅក្នុងគ្រប់វិស័យ»។
លោក តូកាយ៉េវ បានកត់សម្គាល់ថា ចាប់តាំងពីទទួលបានឯករាជ្យមកប្រទេសកាហ្សាក់ស្ថានបានផ្តល់សារៈសំខាន់ជាពិសេសលើការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី។ លោកបានបន្ថែមថា ទិសដៅរបស់រុស្ស៊ីត្រូវបានបង្កើតឡើងជាអាទិភាពជាប់លាប់នៅក្នុងគោលគំនិតគោលនយោបាយការបរទេសដំបូងរបស់សាធារណរដ្ឋ ក៏ដូចជានៅក្នុងឯកសារស្រដៀងគ្នាជាបន្តបន្ទាប់។
ប្រធានាធិបតីកាហ្សាក់ស្ថានបានសង្កត់ធ្ងន់ថា «នៅក្នុងឆ្នាំ១៩៩២សន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការ និងជំនួយទៅវិញទៅមកលើកដំបូងត្រូវបានចុះហត្ថលេខា ដោយបានដាក់គ្រឹះរឹងមាំសម្រាប់ទំនាក់ទំនងអន្តររដ្ឋ និងក្លាយជានិមិត្តរូបនៃជម្រើសដោយមនសិការរបស់ប្រជាជនយើង។ មានការផ្លាស់ប្តូរជាច្រើននៅក្នុងពិភពលោក ប៉ុន្តែនិក្ខេបបទសំខាន់ដែលបានបញ្ជាក់នៅក្នុងអត្ថបទនៃសន្ធិសញ្ញានៅតែមានភាពពាក់ព័ន្ធ ដោយមិត្តភាពដ៏អស់កល្បជានិច្ចមិនមែនគ្រាន់តែជាពាក្យប្រៀបធៀបនោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៃការយល់ឃើញខាងទស្សនវិជ្ជា និងនយោបាយដោយប្រជាជនយើងអំពីការពិតដ៏ស្មុគស្មាញ និងភាពមិនច្បាស់លាស់នៃសម័យកាលបច្ចុប្បន្ន និងអនាគត»។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូកាយ៉េវ ទៅកាន់ប្រទេសរុស្ស៊ីបាននិងកំពុងធ្វើឡើងនៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





