សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋខ្វះខាត២៩គ្រួសារ នៅស្រុកភ្នំស្រុក
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥-- សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានបន្តសកម្មភាពមនុស្សធម៌របស់ខ្លួន ដោយបាននាំយកអំណោយជាស្បៀងអាហារ និងថវិកាមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ទីទ័លក្រ និងចាស់ជរា សរុបចំនួន២៩គ្រួសារ ដែលរស់នៅក្នុងមូលដ្ឋានឃុំភ្នំដី និងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែកជួយសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃដែលកំពុងជួបការលំបាកបានមួយគ្រា។

ពិធីចែកអំណោយនេះត្រូវបានប្រារព្ធឡើងយ៉ាងយកចិត្តទុកដាក់ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមានរបស់លោក ឃ្លោក នួយ អភិបាលរងខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដែលតំណាងឱ្យឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយក្រុមការងារ។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោក ឃ្លោក នួយ បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវទស្សនៈដ៏ប្រពៃថា "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា" ហើយនឹងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះអាហារទទួលទាននោះឡើយ។

លោកអភិបាលរងខេត្តបានថ្លែងសង្កត់ធ្ងន់ថា អំណោយដែលបានចែកជូននៅពេលនេះគឺជាការបង្ហាញឱ្យឃើញពីការរួបរួម សាមគ្គីភាព និងការចែករំលែករបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននានា តាមរយៈកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងជួបការលំបាកក្នុងសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ឬពណ៌សម្បុរអ្វីឡើយ។
ទន្ទឹមនឹងការផ្ដល់អំណោយដើម្បីសម្រាលទុក្ខលំបាកនេះ លោក ឃ្លោក នួយ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបន្តយកចិត្តទុកដាក់លើកិច្ចការសំខាន់ ការថែរក្សាសុខភាព ត្រូវរក្សាអនាម័យខ្លួនប្រាណ និងបរិស្ថានឱ្យបានល្អ ដើម្បីចៀសវាងពីជំងឺដង្កាត់ផ្សេងៗ ជាពិសេសក្នុងរដូវរងា ឬរដូវដែលមានការប្រែប្រួលអាកាសធាតុ។ ជំរុញការងារបង្កបង្កើនផលកសិកម្ម លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងធ្វើការងារបង្កបង្កើនផលកសិកម្មឱ្យអស់លទ្ធភាពតាមស្ថានភាពជាក់ស្តែង ដើម្បីបង្កើនចំណូលគ្រួសារឱ្យបានប្រសើរឡើង និងឈានទៅកាត់បន្ថយការពឹងផ្អែកលើជំនួយមនុស្សធម៌។
តំណាងប្រជាពលរដ្ឋម្នាក់ក្នុងចំណោមគ្រួសារទាំង២៩គ្រួសារ ដែលបានទទួលអំណោយ បានថ្លែងទាំងក្ដីរំភើបរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ដែលមិនដែលភ្លេចគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រដូចពួកគាត់ឡើយ។ "ពួកខ្ញុំពិតជារំភើបចិត្តឥតឧបមា ដែលថ្នាក់ដឹកនាំ និងកាកបាទក្រហមខេត្ត បានយកចិត្តទុកដាក់ចំពោះជីវភាពលំបាករបស់ពួកខ្ញុំ និងក្រុមគ្រួសារ។ អំណោយដែលទទួលបាននៅពេលនេះ ពិតជាបានជួយដោះស្រាយការខ្វះខាតប្រចាំថ្ងៃបានមួយចំណែកធំ ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា"។ ពួកខ្ញុំសូមបួងសួងឱ្យថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់ មានសុខភាពល្អបរិបូរណ៍ និងបានបន្តដឹកនាំកិច្ចការមនុស្សធម៌នេះតទៅមុខទៀត ដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាពលរដ្ឋជួបការលំបាកទាំងអស់"៕
ដោយ ឈុន សារ៉ាត





