លោក ដូណាល់ ត្រាំ៖ ការលុបចោលពន្ធគយនឹងធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់ជាង ៣ទ្រីលានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានព្រមានថា ការលើកលែងពន្ធដែលលោកបានដាក់ចេញពីមុនអាចធ្វើឱ្យប្រទេសខាតបង់ជាង ៣ទ្រីលានដុល្លារអាម៉េរិក។
លោក ត្រាំ បានសរសេរនៅលើទំព័របណ្តាញសង្គម Truth Social របស់លោកថា «តុលាការកំពូលអាម៉េរិកត្រូវបានផ្តល់តួលេខខុស។ ការបន្ធូរបន្ថយក្នុងករណីមានសេចក្តីសម្រេចអវិជ្ជមានលើពន្ធ រួមទាំងការវិនិយោគដែលត្រូវធ្វើ និងការប្រគល់មូលនិធិវិញ គឺមានលើសពី ៣ទ្រីលានដុល្លារអាម៉េរិក។ វាមិនអាចទៅរួចទេក្នុងការប៉ះប៉ូវចំពោះភាពអាប់អួរបែបនេះ។នោះពិតជានឹងក្លាយជាព្រឹត្តិការណ៍សន្តិសុខជាតិដែលមិនអាចគ្រប់គ្រងបាននិងបំផ្លិចបំផ្លាញដល់អនាគតប្រទេសរបស់យើង»។
បន្ទាប់ពីការស្តាប់សវនាការលើកដំបូងនៃសំណុំរឿងពន្ធគយនៅតុលាការកំពូលអាម៉េរិកកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានរាយការណ៍ថា ចៅក្រមមួយចំនួនបានសម្តែងការសង្ស័យអំពីភាពស្របច្បាប់នៃពន្ធគយ។ សំណុំរឿងនេះត្រូវបានចាប់ផ្តើមបន្ទាប់ពីក្រុមអ្នកតំណាងអាជីវកម្មមួយក្រុមបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអះអាងថា ពន្ធគយទាំងនោះខុសច្បាប់ដែលប៉ះពាល់ដល់ក្រុមហ៊ុនរបស់ពួកគេ។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥តុលាការឧទ្ធរណ៍ស្រុកកូឡុំប៊ីបានសម្រេចថា លោក ត្រាំ ខ្វះសិទ្ធិអំណាចក្នុងការដាក់ពន្ធគយជាច្រើនដែលលោកបានប្រកាស។ នៅថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២៥ រដ្ឋបាលរបស់លោក ត្រាំ បានស្នើសុំឱ្យតុលាការកំពូលលុបចោលសេចក្តីសម្រេចនេះ។
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ លោក ត្រាំ បានប្រកាសពីការដាក់ចេញនូវពន្ធគយលើផលិតផលមកពី ១៨៥ប្រទេស។ ក្រោយមក មេដឹកនាំសហរដ្ឋអាមេរិកបានកែសម្រួលអត្រាពន្ធគយនោះសម្រាប់បណញតាប្រទេសមួយចំនួន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





