ព្យុះទីហ្វុងហ្វុង-វ៉ុងបង្កការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់ប្រទេសហ្វីលីពីន
AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ -- បន្ទាប់ពីបានបោកបក់ឆ្លងកាត់ភាគខាងជើង និងភាគកណ្តាលប្រទេសហ្វីលីពីន ជាមួយនឹងល្បឿនខ្យល់បក់រហូតដល់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះទីហ្វុងហ្វុង-វ៉ុង បានរំកិលចេញពីកោះលូហ្សុនកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឆ្ពោះទៅសមុទ្រខាងកើត ដោយបន្សល់ទុកនូវការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ រំខានដល់ពាណិជ្ជកម្ម ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសហ្វីលីពីន។
យោងតាមរដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន (PAGASA) បានឱ្យដឹងថា ព្យុះនេះបានបោកបក់ចូលទៅក្នុងខេត្តអូរ៉ូរ៉ាកាលពីល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាមួយនឹងល្បឿនខ្យល់បក់រហូត ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ការរអិលបាក់ដី និងការដាច់ចរន្តអគ្គិសនីយ៉ាងទូលំទូលាយ។ យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ មនុស្សជាង ១,៤លាននាក់ត្រូវបានជម្លៀសចេញដោយមនុស្សជាង ៣០០.០០០នាក់នៅតែស្ថិតនៅក្នុងជម្រកបណ្តោះអាសន្ន។ផ្ទះជាង ១.០០០ខ្នងត្រូវបានខូចខាត និងភូមិរាប់រយត្រូវបានជន់លិច។
រដ្ឋាភិបាលហ្វីលីពីនបានរាយការណ៍ពីការរំខានខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់នៅក្នុងខេត្តកោះលូហ្សុន ដែលជាមជ្ឈមណ្ឌលផលិតកម្ម និងពាណិជ្ជកម្មធំបំផុតរបស់ប្រទេស។ ជើងហោះហើរជាង៤០០ ត្រូវបានលុបចោល កំពង់ផែ និងផ្លូវសំខាន់ៗត្រូវបានរារាំងដោយការរអិលបាក់ដី និងទឹកជំនន់ ហើយការដាច់ចរន្តអគ្គិសនីបានបង្ខំឱ្យរោងចក្រ និងតំបន់ឧស្សាហកម្មជាច្រើនផ្អាកប្រតិបត្តិការ។
ក្រសួងថាមពលបានប៉ាន់ប្រមាណថា គ្រួសារប្រជាជន និងអាជីវកម្មរាប់រយរាប់ពាន់បានរងផលប៉ះពាល់ដោយការបាត់បង់ថាមពល។ ធនាគារកណ្តាលហ្វីលីពីនកំពុងតាមដានផលប៉ះពាល់នៃព្យុះនោះទៅលើអតិផរណាជាពិសេសតម្លៃអាហារ និងថាមពល។
គ្រោះមហន្តរាយនេះកើតឡើងបន្ទាប់ពីព្យុះទីហ្វុងកាល់មេគី ដែលបានវាយប្រហារភាគកណ្តាលប្រទេសហ្វីលីពីនហើយបានសម្លាប់មនុស្សរាប់រយនាក់ និងបានជំរុញឱ្យមានការប្រកាសអាសន្ននៅទូទាំងប្រទេស។ អាជ្ញាធរក៏បានបិទសាលារៀន ការិយាល័យ និងលុបចោលជើងហោះហើរនៅថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីសុវត្ថិភាពផងដែរ។
របាយការណ៍បឋមបានប៉ាន់ប្រមាណថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធដោយសារព្យុះកាល់មេគី និងព្យុះទីហ្វុងហ្វុង-វ៉ុង មានចំនួន ២៩២.០០០ដុល្លារអាម៉េរិក ជាមួយនឹងការខាតបង់ផ្នែកកសិកម្មចំនួន ១៨៤.០០០ដុល្លារអាម៉េរិកដែលប៉ះពាល់ដល់កសិករ និងអ្នកនេសាទជាង ៦០០នាក់ និងដីកសិកម្មចំនួន៤៦០ហិកតា។ ការវាយតម្លៃកំពុងអនុវត្តបន្តសម្រាប់ផលប៉ះពាល់ពេញលេញនៃព្យុះហ្វុង-វ៉ុង។
ព្យុះហ្វុង-វ៉ុង គឺជាព្យុះទី២១ ដែលបានវាយប្រហារប្រទេសហ្វីលីពីននៅក្នុងឆ្នាំនេះ ដោយបង្ហាញពីនិន្នាការនៃព្យុះដែលកើតឡើងជាញឹកញាប់និងខ្លាំងក្លានៅភាគខាងលិចតំបន់ប៉ាស៊ីហ្វិក ដោយសារតែការឡើងកំដៅនៃមហាសមុទ្រ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





