ឡាវរំពឹងថាកំណើនសេដ្ឋកិច្ចនឹងកើនឡើងជិត ៥% នៅក្នុងឆ្នាំ២០២៥ នេះ
AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ -- សេដ្ឋកិច្ចរបស់ប្រទេសឡាវត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤,៨% នៅក្នុងឆ្នាំ២០២៥ នេះ ដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពជាប់លាប់ក្រោមផែនការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរយៈពេលប្រាំឆ្នាំរបស់ប្រទេសនេះសម្រាប់ឆ្នាំ២០២១-២០២៥។
យោងតាមទីភ្នាក់ងារសារព័ត៌មានឡាវ KPL បានឱ្យដឹងថា នាយករដ្ឋមន្ត្រីឡាវ លោក សុនសាយ ស៊ីផាដូន (Sonexay Siphandone) បានបង្ហាញរបាយការណ៍របស់រដ្ឋាភិបាលឡាវនៅក្នុងសម័យប្រជុំសាមញ្ញលើកទី១០ នៃរដ្ឋសភានីតិកាលទី៩ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់ថា សេដ្ឋកិច្ចរបស់ប្រទេសនេះបានពង្រីកក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៤,២៤% ស្របតាមផែនការរយៈពេលប្រាំឆ្នាំ។
ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ រដ្ឋាភិបាលឡាវបានផ្តោតសំខាន់ទៅលើការអនុវត្តអាទិភាពសេដ្ឋកិច្ចសំខាន់ៗចំនួន១២ ជាពិសេសការដោះស្រាយការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការដាក់ចេញនូវវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
ក្នុងអំឡុងពេលនេះ វិស័យកសិកម្មបានកើនឡើងជាមធ្យម ២,៩% ស្មើនឹង ១៩,៤% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលលើសពីការព្យាករណ៍របស់ផែនការកំណើន ២,៥% និង ១៥,៣% នៃផលិតផលក្នុងស្រុកសរុប។ វិស័យឧស្សាហកម្មបានកើនឡើងជាមធ្យម ៤,៧% ដែលតំណាងឱ្យ ៣២,៥% នៃផលិតផលក្នុងស្រុកសរុប ដែលលើសពីការគ្រោងទុកកំណើន ៤,១% និងចំណែក ៣២,៣%។ ទន្ទឹមនឹងនេះដែរ វិស័យសេវាកម្មបានកើនឡើង ៤,៥% ដែលស្មើនឹង ៣៦,៦% នៃផលិតផលក្នុងស្រុកសរុប ដែលទាបជាងគោលដៅកំណើន ៦% និង ៤១,៣% នៃផលិតផលក្នុងស្រុកសរុប។
កត្តាជំរុញកំណើនសំខាន់ៗរួមមាន ការផលិតអាហារសម្រាប់ប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ការផលិតអគ្គិសនី ការជីកយករ៉ែឧស្សាហកម្មកែច្នៃ និងការដឹកជញ្ជូន។
ស្ថានភាពអាកាសធាតុមិនអំណោយផល គ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាតកូវីដ-១៩ បានរំខានយ៉ាងខ្លាំងដល់ប្រតិបត្តិការអាជីវកម្ម និងស្ថិរភាពសង្គម។ សម្រាប់កត្តាខាងក្រៅវិញ ភាពប្រែប្រួលសេដ្ឋកិច្ចក្នុងតំបន់និងសកលលោក ការងើបឡើងវិញយឺតជាងការរំពឹងទុកនៅក្នុងសេដ្ឋកិច្ចប្រទេសជិតខាង និងការកែសម្រួលគោលនយោបាយការងារដោយប្រទេសជិតខាង សុទ្ធតែបានដាក់សម្ពាធលើស្ថិរភាពរូបិយវត្ថុរបស់ប្រទេសឡាវ។
បញ្ហាប្រឈមទាំងនេះបានរួមចំណែកដល់អតិផរណា ការប្រែប្រួលអត្រាប្តូរប្រាក់ និងតម្លៃទំនិញចាំបាច់ និងទំនិញនាំចូលខ្ពស់ ដែលប៉ះពាល់ដល់ថ្លៃដើមរស់នៅ និងជំរុញឱ្យកម្មករឡាវជាច្រើនស្វែងរកការងារធ្វើនៅបរទេស។
ទោះបីជាមានការរឹតបន្តឹងទាំងនេះក៏ដោយ រដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច និងសម្រេចបាននូវគោលដៅកំណើន ៤,៨% នៅចុងឆ្នាំ២០២៥ នេះ។ នេះបើយោងតាមនាយករដ្ឋមន្ត្រីឡាវ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





