រដ្ឋបាលខេត្តកែបប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
AKP កែប ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥-- ថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រោមឱវាទ ព្រះសង្ឃ និងអ្នកពាក់ព័ន្ធ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រារព្ធពិធីរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃបុណ្យឯករាជ្យជាតិ (៩វិច្ឆិកា ១៩៥៣- ៩វិច្ឆិកា ២០២៥) នៅវិមានឯករាជ្យ ស្ថិតនៅសង្កាត់កែប ក្រុងកែប។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត ព្រមទាំងលោក លោកស្រី ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់វុធ អាជ្ញាធរនិងអ្នកពាក់ព័ន្ធ អញ្ជើញឡើងដាក់កម្រងផ្កា បាច់ផ្កា និងអុជគុបភ្លើងជ័យ ព្រមទាំងអង្គពិធីទាំងមូលបានលំអោនកាយឧទ្ទិសបួងសួង ដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងចាប់បដិសន្ធិ ក្នុងព្រះបរមសុគតិភព គ្រប់ៗព្រះជាតិ។

ឯកឧត្តមអភិបាលខេត្តបានអានសុន្ទរកថា ខ្លឹមសារនៃទិវាបុណ្យឯករាជជាតិ យ៉ាងដូច្នេះថា ថ្ងៃនេះ ៩វិច្ឆកា ២០២៥ ជាទិវារំលឹកខួបលើកទី៧២ហើយ ដែលប្រទេសជាតិ បានទទួលឯករាជ្យ ពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣។ ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋខេត្តកែប សូមដឹងគុណូបការៈយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជនយុទ្ធនារីស្នេហាជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារមាតុភូមិកម្ពុជា ទទួលបានឯករាជ្យពេញបរិបូរណ៍។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា ចាប់ពីឆ្នាំ១៩៩៨មក តាមរយៈនយោបាយឈ្នះ! ឈ្នះ! របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច រាជរដ្ឋាភិបាល បានជំរុញអនុវត្តដោយជោគជ័យនូវយុទ្ធសាស្រ្តចតុកោណ និងបានបន្តដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ក្នុងអាណតិ្ត រាជរដ្ឋាភិបាលបច្ចុប្បន្នដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតដែលជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច នៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លើមូលដ្ឋាននេះ។ តាំងពីឆ្នាំ១៩៩៨មក សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនកម្រិតខ្ពស់ជាបន្តបន្ទាប់ និងឈានទៅសម្រេចបានចក្ខុវិស័យជាប្រទេសមានកំណើនសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកំណើនសេដ្ឋកិច្ចកម្រិតខ្ពស់នៅឆ្នាំ២០៥០។ គណៈអធិបតី និងអង្គពិធី បានបង្ហោះប៉េងប៉ោង ជាសក្ខីភាព បង្ហាញនូវភាពសុខក្សេមក្សាន្ត សម្បូរសប្បាយ ដល់ប្រជារាស្រ្តខ្មែរតរៀងទៅ៕
ដោយ ប្រាក់ លាង





