មនុស្សម្នាក់ស្លាប់ និងរបួសច្រើននាក់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ បើទោះបីជាមានបទឈប់បាញ់ក៏ដោយ
AKP ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ -- យោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារថ្មីរបស់អ៊ីស្រាអែលទៅលើយានយន្តមួយនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃចន្ទម្សិលមិញ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ NNA បាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលមួយគ្រឿងបានបុករថយន្តមួយគ្រឿងនៅជិតទីក្រុង Baisariyah នៃស្រុក Sidon។
មិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានរាយការណ៍ទាក់ទងនឹងអត្តសញ្ញាណរបស់ពលរដ្ឋដែលបានស្លាប់ ឬចំនួនអ្នករងរបួសនោះទេ។
ទីភ្នាក់ងារនោះក៏បានរាយការណ៍ផងដែរថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានហោះហើរពីលើតំបន់ Iqlim Al-Tuffah ក្នុងរយៈកម្ពស់មធ្យម។
មិនមានការអត្ថាធិប្បាយភ្លាមៗពីកងទ័ពអ៊ីស្រាអែលទៅលើការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនោះទេ។
មនុស្សពីរនាក់ទៀតផ្សេងទៀតក៏បានបាត់បង់ជីវិតនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនផងដែរ។
ភាពតានតឹងបានកើនឡើងនៅភាគខាងត្បូងប្រទេសលីបង់អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយកងទ័ពអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសស្ទើរតែរាល់ថ្ងៃនៅក្នុងទឹកដីលីបង់ ដោយអះអាងអំពីការកំណត់គោលដៅទៅលើសមាជិក និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមឧទ្ទាមហេបូឡាហ៍។
កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៤.០០០នាក់ និងរបួសជិត១៧.០០០នាក់នៅក្នុងការវាយប្រហាររបស់ខ្លួនទៅលើប្រទេសលីបង់ ដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២៣ ហើយបានប្រែក្លាយទៅជាការវាយលុកទ្រង់ទ្រាយធំនៅក្នុងខែកញ្ញា ឆ្នាំ២០២៤៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





