ចិនលុបចោលការរឹតបន្តឹងមួយចំនួនទៅលើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិករយៈពេល ១ឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ -- សេចក្តីសម្រេចរបស់ប្រទេសចិនក្នុងការផ្អាករយៈពេលមួយឆ្នាំ ឬលុបចោលពន្ធបន្ថែមមួយចំនួនទៅលើការនាំចូលពីសហរដ្ឋអាមេរិក និងវិធានការត្រួតពិនិត្យការនាំចេញលើទំនិញប្រើប្រាស់ពីរយ៉ាងប្រឆាំងនឹងក្រុមហ៊ុនអាម៉េរិកមួយចំនួន បានចូលជាធរមានកាលពីថ្ងៃចន្ទម្សិលមិញ។
នៅថ្ងៃពុធ ក្រសួងហិរញ្ញវត្ថុចិនបាននិយាយថា ប្រទេសចិននឹងផ្អាកការរឹតបន្តឹងជាបន្តបន្ទាប់ក្នុងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិករយៈពេលមួយឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី១០ ខែវិច្ឆិកា ស្របតាមកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងពេលចរចាពាណិជ្ជកម្មកាលពីពេលថ្មីៗនេះរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
ទីក្រុងប៉េកាំងបានផ្អាកពន្ធបន្ថែម ២៤% ទៅលើទំនិញរបស់អាម៉េរិករយៈពេលមួយឆ្នាំ ខណៈដែលរក្សាពន្ធបន្ថែម ១០% ដដែល។ ពន្ធបន្ថែម៣៤% លើទំនិញរបស់អាម៉េរិកទាំងអស់បានចូលជាធរមានកាលពីក្នុងខែមេសា ចំពេលដែលមាន «សង្គ្រាមពាណិជ្ជកម្ម» រវាងចិន និងសហរដ្ឋអាមេរិក។ ប្រទេសចិនក៏បានលុបចោលពន្ធ ១៥% ទៅលើបសុបក្សីស្រូវសាលី ពោត និងកប្បាស និងពន្ធ ១០% ទៅលើស្រូវសាលីសណ្តែកសៀង សាច់ជ្រូក សាច់គោ ផលិតផលជលផល ផ្លែឈើ បន្លែ និងផលិតផលទឹកដោះគោផងដែរ។
ក្រសួងហិរញ្ញវត្ថុចិនបាននិយាយថា ការផ្អាកជាបន្តបន្ទាប់នៃពន្ធគយទ្វេភាគីមួយចំនួនរវាងចិន និងសហរដ្ឋអាមេរិក បានរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រកបដោយសុខភាពល្អស្ថិរភាព និងចីរភាព ផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរ និងលើកកម្ពស់វិបុលភាពពិភពលោក។ ក្រសួងពាណិជ្ជកម្មបាននិយាយថាវិធានការត្រួតពិនិត្យការនាំចេញមួយចំនួនប្រឆាំងនឹងក្រុមហ៊ុនអាម៉េរិកមួយចំនួនក៏នឹងត្រូវបានកែសម្រួលផងដែរ ដោយបាននិយាយបន្ថែមថាវិធានការត្រួតពិនិត្យការនាំចេញសម្រាប់ទំនិញប្រើប្រាស់ពីរយ៉ាងប្រឆាំងនឹងក្រុមហ៊ុនអាម៉េរិកចំនួន១៥ នឹងត្រូវបានលុបចោលជារៀងរហូត ខណៈដែលសម្រាប់ក្រុមហ៊ុនចំនួន ១៦ផ្សេងទៀត នឹងត្រូវផ្អាករយៈពេលមួយឆ្នាំ។
គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិនក៏បានប្រកាសពីសេចក្តីសម្រេចលុបចោលពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃពី ៣៣,៣ - ៧៨,២% ទៅលើជាតិសរសៃអុបទិកដែលផលិតនៅសហរដ្ឋអាមេរិក។ សេចក្តីសម្រេចនេះក៏បានចូលជាធរមានកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញដែរ។ ក្នុងពេលជាមួយគ្នានេះ រដ្ឋបាលគយទូទៅរបស់ចិនបាននិយាយថា អាជ្ញាប័ណ្ណសម្រាប់ការនាំចេញសណ្តែកសៀងពីក្រុមហ៊ុនអាម៉េរិកចំនួនបីនឹងត្រូវបានស្តារឡើងវិញចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្រសួងដឹកជញ្ជូនចិនបាននិយាយថា ប្រទេសចិនក៏បានផ្អាកថ្លៃកំពង់ផែសម្រាប់កប៉ាល់អាម៉េរិករយៈពេលមួយឆ្នាំដែរ ដើម្បីឆ្លើយតបទៅនឹងចលនាស្រដៀងគ្នានេះដែលអនុវត្តដោយសហរដ្ឋអាមេរិក៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





