គុយបាថ្លែងអំណរគុណដល់វេណេស៊ុយអេឡាចំពោះជំនួយមនុស្សធម៌
AKP ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសគុយបាលោក ប្រ៊ុយណូ រ៉ូឌ្រីហ្គេស (Bruno Rodriguez) បានសម្តែងការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងដែលបានធ្វើឡើងនៅក្នុងប្រទេសវេណេស៊ុយអេឡា ដើម្បីជួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារព្យុះសង្ឃរាមេលីសសា។
រដ្ឋមន្ត្រីការបរទេសគុយបាបានបញ្ជាក់នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា «យើងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនវេណេស៊ុយអេឡា ដែលក្រោមការដឹកនាំរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានបញ្ជូនជំនួយមនុស្សធម៌ថ្មីមួយទៅកាន់ប្រទេសគុយបា សម្រាប់តំបន់ដែលរងផលប៉ះពាល់ដោយព្យុះសង្ឃរាមេលីសសា»។
ព្យុះមេលីសសា បានវាយប្រហារផ្នែកខាងកើតនៃប្រទេសកោះនេះយ៉ាងហោចណាស់ប្រាំពីរម៉ោង ដោយមានខ្យល់បក់ក្នុងល្បឿនរហូតដល់២០០គីឡូម៉ែត្រក្នុងមួយម៉ោង និងភ្លៀងធ្លាក់ខ្លាំង។
យោងតាមតួលេខផ្លូវការ បានឱ្យដឹងថា ក្នុងចំណោមការខូចខាតផ្សេងទៀត វាបានប៉ះពាល់ដល់ផ្ទះជាង ៧០.០០០ខ្នង និងបណ្តាលឱ្យមានការដួលរលំផ្ទះសរុបជាង ៤.០០០ខ្នង បន្ថែមពីលើការខូចខាតដំណាំរាប់រយរាប់ពាន់ហិកតា។
របាយការណ៍នោះក៏បានចង្អុលបង្ហាញផងដែរថា ប្រជាជនចំនួន១.៣១២.០០០នាក់ត្រូវបានផ្តល់ជម្រក រួមទាំង ៩៣៣.០០០នាក់ផ្សេងទៀតស្នាក់នៅក្នុងផ្ទះរបស់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ប្រេនសាឡាទីណា)





