ប្រធានាធិបតីប្រេស៊ីលព្រមានអំពីយោធាភាវូបនីយកម្មនៅតំបន់ការ៉ាប៊ីននៅក្នុងកិច្ចប្រជុំកំពូល CELAC-EU
AKP ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រធានាធិបតីប្រេស៊ីល លោកល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) បានព្រមានអំពីវត្តមានយោធាកាន់តែខ្លាំងឡើងរបស់មហាអំណាចបរទេសនៅក្នុងតំបន់ការ៉ាប៊ីន ដោយសំដៅជាពិសេសទៅលើចលនារបស់កងទ័ពនិងកប៉ាល់អាម៉េរិកនៅក្នុងតំបន់។
លោក លូឡា បានថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកទី៤ នៃសហគមន៍រដ្ឋអាម៉េរិកឡាទីន និងតំបន់ការ៉ាប៊ីន (CELAC) និងសហភាពអឺរ៉ុប(EU) ដែលបានប្រារព្ធឡើងនៅទីក្រុង Santa Marta របស់ប្រទេសកូឡុំប៊ីថា «តំបន់អាម៉េរិកឡាទីន និងតំបន់ការ៉ាប៊ីន ត្រូវតែជាតំបន់សន្តិភាព ដែលគ្មានកន្លែងសម្រាប់មូលដ្ឋានទ័ពបរទេស ឬអន្តរាគមន៍ប្រដាប់អាវុធឡើយ»។
សេចក្តីថ្លែងការណ៍រិះគន់ និងសង្កត់ធ្ងន់របស់លោកបានបន្លឺឡើងជាមួយនឹងប្រមុខរដ្ឋ និងរដ្ឋាភិបាលដែលមានវត្តមាន នៅពេលដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកលលោកកំពុងមានការកើនឡើង។
ប្រធានាធិបតីប្រេស៊ីលបានអះអាងថា ជម្លោះក្នុងតំបន់ត្រូវតែដោះស្រាយតាមរយៈមធ្យោបាយការទូត និងនយោបាយ ដោយគោរពចំពោះការសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជន។
លោកបានព្រមានអំពី «ការរស់ឡើងវិញដ៏គ្រោះថ្នាក់នៃសក្ដានុពលសម័យសង្គ្រាមត្រជាក់» នៅអឌ្ឍគោលខាងលិច និងបានការពារស្វ័យភាពនយោបាយ និងយោធារបស់តំបន់អាម៉េរិកឡាទីនពីមហាអំណាច។
លោក លូឡា បានសង្កត់ធ្ងន់ថា តំបន់នេះមិនអាចបន្តពឹងផ្អែកលើការសម្រេចចិត្តពីខាងក្រៅបានទេ ហើយបានជំរុញឱ្យបណ្តាប្រទេសនៃតំបន់ CELAC ចំនួន ៣៣ប្រទេសឱ្យពង្រឹងការឯកភាពរបស់ពួកគេជាលក្ខខណ្ឌសំខាន់មួយសម្រាប់ប្រឈមមុខនឹងបញ្ហាប្រឈមជាសកល។
លោកបានបញ្ជាក់សារជាថ្មីថា «មានតែការរួបរួមគ្នាទេ ទើបយើងអាចធានាបាននូវការអភិវឌ្ឍប្រកបដោយអធិបតេយ្យភាព យុត្តិធម៌ និងចីរភាព»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ប្រេនសាឡាទីណា)





