រដ្ឋបាលព្រៃឈើរៀបចំសិក្ខាសាលាស្តីពី "ការកំណត់ភាគីពាក់ព័ន្ធសម្រាប់ការអភិវឌ្ឍប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើជាតិ"
AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥-- រដ្ឋបាលព្រៃឈើនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាស្តីពី "ការកំណត់ភាគីពាក់ព័ន្ធសម្រាប់ការអភិវឌ្ឍប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើជាតិ" ដោយមានការចូលរួមពីលោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ និងលោកស្រី អាន ច័ន្ទសុភ័ក្រ្ក ទីប្រឹក្សាកម្មវិធីនៃអង្កការស្បៀង និងកសិកម្មនៃសហប្រជាតិ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ តំណាងបណ្តាញសហគមន៍ព្រៃឈើ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានសិក្សា និងសង្គមស៊ីវិល សរុបចំនួន ៤៣នាក់។

លោក ហម សារាវុធ បានលើកឡើងថា សិក្ខាសាលានេះមានគោលបំណងដើម្បីកំណត់ភាគីពាក់ព័ន្ធ និងប្រមូលធាតុចូល សម្រាប់ការរៀបចំ និងអភិវឌ្ឍប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើជាតិ។ តាមការវាយតម្លៃតម្រូវការឈើសកលនឹងកើនឡើងប្រមាណ ៣៧ភាគ ដល់ឆ្នាំ ២០៥០ ដោយសារកត្តាការរីកចម្រើនទីក្រុង និងសេដ្ឋកិច្ចកាបូនទាប។

នៅពេលដែល ព្រៃធម្មជាតិមានការថយចុះ ឈើដាំជាចម្ការរបស់សហគមន៍ និងគ្រួសារកសិករតូចៗបានកើនឡើង បានក្លាយជាប្រភពផ្គត់ផ្គង់ដ៏សំខាន់។ ប្រទេសកម្ពុជាដែលមានអត្រាកំណើននៃប្រភេទឈើដុះលូតលាស់លឿន លំដាប់ទី ៧ នៅលើពិភពលោក បង្ហាញពីសក្តានុពលខ្ពស់សម្រាប់ការផលិតឈើប្រកបដោយចីរភាព។

ការអភិវឌ្ឍប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើជាតិ (NFCS) គឺជាជំហានយុទ្ធសាស្ត្រសំខាន់សម្រាប់ធានាការគ្រប់គ្រងព្រៃឈើមានទំនួលខុសត្រូវ គាំទ្រការរីកចម្រើនបៃតង និងចូលរួមក្នុងគោលដៅអាកាសធាតុ និងជីវចម្រុះ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលព្រៃឈើ)





