រដ្ឋបាលខេត្តកំពង់ចាមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
AKP កំពង់ចាម ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណវិមានឯករាជ្យខេត្តរដ្ឋបាលខេត្ត បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ដើម្បីរំលឹកដល់ការទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង ឆ្នាំ១៩៥៣ ក្រោមព្រះរាជភោជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ។ ពិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ថ្នាក់ដឹកនាំសំខាន់ៗក្នុងខេត្ត មន្ត្រីរាជការអង្គភាពមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ព្រះសង្ឃ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ប្រារព្ធពិធី អបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ គឺជាទិវា ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរជន កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ រួមមាន ការតស៊ូ ដណ្តើមឯករាជ្យ។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ព្រះរាជស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ យើងប្ដេជ្ញាចិត្តបន្តដើរតាមមាគ៌ាដែលព្រះអង្គបានត្រួសត្រាយសម្រាប់សន្តិភាពសាមគ្គីភាព និងការអភិវឌ្ឍជាតិ និងចងចាំដល់វីរភាពរបស់កងយុទ្ធពលខេមរភូមិន្ទ ក្នុងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីផងដែរ។ កម្ពុជាបានឆ្លងកាត់រួមទាំងការដាក់អាណានិគមដោយបារាំង រយៈពេលជិត១សតវត្ស សង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាកំពុងអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោយមានការរំដោះចេញពីរបបខ្មែរក្រហម នៅឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យរហូតដល់បច្ចុប្បន្ននេះ។ សមិទ្ធផលសំខាន់ៗដែលសម្រេចបានរួមមាន ការកសាងសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តវេនដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តន៍កម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គម ព្រមទាំងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចខ្ពស់ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ទិវាខួបកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំងពីជោគជ័យក្នុងកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយ ប្រកបដោយភាពបត់បែននៃដំណើរប្រវត្តិសាស្រ្តដ៏ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់រយៈពេល៧២ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវ របស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែងផងដែរ៕
ដោយ ឆាយ ម៉ុត





