ឯកឧត្តមអភិបាលខេត្តចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំកែលម្អសោភ័ណភាពតំបន់ឆ្នេរអូរឈើទាល
AKP ព្រះសីហនុ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំមន្ត្រីចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំកែលម្អសោភណភាពតំបន់ឆ្នេរអូរឈើទាល ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ រួមមានចំណតរថយន្ត ភ្លើងបំភ្លឺ ផ្លូវថ្មើរជើងតាមមាត់ឆ្នេរ ការរៀបចំសោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈជាដើម។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំក្រុមការងារបច្ចេកទេសត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ពន្លឿនការស្ថាបនា ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន ក៏ដូចជាការរៀបចំចំណតឡានសាធារណៈ ភ្លើងបំភ្លឺសាធារណៈ និងផ្លូវថ្មើរជើងសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ បានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារមានភាពងាយស្រួល ហើយហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បម្រើឱ្យវិស័យសាធារណៈនៅតាមបណ្តោយឆ្នេរក្នុងក្រុងព្រះសីហនុ។


ឯកឧត្តមអភិបាលខេត្តបានបន្តថា ហេដ្ឋារចនាសម្ព័ន្ធខាងលើត្រូវធ្វើការជួសជុលឱ្យបានរួចរាល់ប្រកបដោយគុណភាព ដើម្បីបម្រើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល២០២៥-២០២៦ខាងមុខ កាលណាយើងមានហេដ្ឋារចនាសម្ព័ន្ធល្អ និងសោភ័ណភាពល្អ ជាការទាក់ទាញភ្ញៀវទេសចរ ជួយបង្កើនជីវភាពប្រជាពលរដ្ឋក្នុងក្រុង ខេត្តព្រះសីហនុផងដែរ៕
ដោយ ងូ សុមុនី





